ការ​ប្រកាស​ចាប់​ខ្លួន​មេ​ចលនា​រំដោះ​ជាតិ​ខ្មែរ​មាន​ការ​ជំទាស់

10751824_1501773446773809_737923255_n

លោក សម សេរី (កណ្ដាល) និងសមាជិករណសិរ្សរំដោះជាតិខ្មែរ

ភ្នំពេញៈ តុលាការ​ភ្នំពេញ​ប្រកាស​ឲ្យ​តាម​ចាប់​ខ្លួន​ក្រុម​មេ​ដឹក​នាំ​ចលនា​រំដោះ​ជាតិ​ខ្មែរ បន្ទាប់​ពី​រក​ឃើញ​មាន​ពាក់ព័ន្ធ​នឹង​ចលនា​ប្រដាប់​អាវុធ​ខុស​ច្បាប់​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ពួកគេ​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ​ថា អយុត្តិធម៌។

លោក សេង នាង ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​កាត់​ក្តី​ក្នុង​សំណុំ​រឿង​មនុស្ស ១៣ នាក់​ឲ្យ​ដឹង​ម្សិលមិញ​ថា លោក​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​មនុស្ស ៦ នាក់ មក​ផ្តន្ទាទោស​តាម​អំណាច​សាល​ក្រម​ប្រកាស​ពី​ថ្ងៃ ទី​១១ មេសា ហើយ​ចាត់​ចែង​ឲ្យ​ព្រះ​រាជអាជ្ញា​ធ្វើ​ការ​បន្ត។

ប៉ុន្តែ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មាន​លោក សម សេរី ជា​ប្រធាន​ថា សាលក្រម​សាលា​ដំបូង​រាជធានី​ដែល​ដាក់​ទោស​គាត់​និង​សមាជិក​ពី ៥ ទៅ ៩ ឆ្នាំ គឺ​ស្ថិត​ក្នុង​សម្ពាធ​នយោបាយ​ពីព្រោះ​តុលាការ​គ្មាន​ភ័ស្តុតាង​ដាក់​បន្ទុក​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោក សម សេរី ដែល​រស់​នៅ ប្រទេស​ដាណឺម៉ាក ត្រូវ​តុលាការ​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ ៩ ឆ្នាំ​និង​ឲ្យ​តាម​ចាប់​ខ្លួន។ កាល​ពី​ថ្ងៃ ទី​១៦ មេសា លោក​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ​តប​ថា៖ «វា​អយុត្តិធម៌​ណាស់​សម្រាប់​រូប​ខ្ញុំ ព្រម​ទាំង​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មាន​ព្រះសង្ឃ និង​ខ្មែរ​ក្រោម ធ្វើ​ការ​តស៊ូ​ដោយ​សន្តិវិធី តាម​គោល​ការណ៍​របស់​រណសិរ្ស…នៅ​លើ​ឆាក​អន្តរជាតិ»។

ចៅក្រម សេង នាង បាន​ប្រកាស​សាលក្រម​នា​ថ្ងៃ ទី​១១ មេសា ថា ជន​ជាប់​ចោទ ១៣ នាក់​មាន​ស្រី​ម្នាក់​ផង ត្រូវ​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់​ជាតិ និង​ឆ្លង​ដែន​ខុស​ច្បាប់» ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​ប្រដាប់​អាវុធ «រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ» ដែល​ឈ្មោះ សម សេរី ជា​ប្រធាន​និង​ក្តាប់​រួម​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន និង​ឈាន​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល វៀតណាម ទៀត​ប្រព្រឹត្ត​កាល​ពី​ចន្លោះ ឆ្នាំ​២០០៩ និង ២០១១។

រណសិរ្ស​នេះ​ថា ខ្លួន​គ្មាន​អាវុធ មិន​ប្រើ​ហិង្សា និង​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ឡើយ តែ​បាន​ហៅ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បាន​បង្កើត​នូវ​បញ្ហា​ការ​ចាប់​ដាក់​គុក ការ​រឹប​អូស​ដីធ្លី ការ​បាត់​បង់​ព្រៃឈើ និង​បាន​កាត់​ដី​ទៅ​ឲ្យ ប្រទេស​វៀតណាម ជាដើម​ហើយ​បាន​ហៅ​ទង្វើ​ទាំង​នេះ​ថា ជា​អ្នក​ក្បត់​ជាតិ៕
ព័ត៌មានដើមៈ ភ្នំពេញប៉ុស្តិ៍

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership