ក្រសួង​ការពារ​ជាតិ​ស្វែង​រក​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល

ដោយ ថា កិត្យា 2016-07-19​

កងទ័ព​កម្ពុជា នឹង​ស្វែង​រក​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ត្រៀម​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​កាន់​អំណាច។ ដោយ​ឡែក អ្នក​វិភាគ​នយោបាយ​ក៏​មិន​គាំទ្រ​ការ​ប្រកាស​ការ​ធ្វើ​រដ្ឋ​ប្រហារ​នេះ​ដែរ ដោយ​ហេតុ​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គមជាតិ។

បុរស​ដែល​ចេញ​មុខ​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​បណ្ដា​អង្គភាព និង​ក្រសួង​ទូទាំង​ប្រទេស​ទាំង​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​រំដោះ​ជាតិ​មាតុភូមិ នៅ​ក្នុង​បណ្ដាញ​យូធូប (YouTube) កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៦។

បុរស​ដែល​ចេញ​មុខ​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​បណ្ដា​អង្គភាព និង​ក្រសួង​ទូទាំង​ប្រទេស​ទាំង​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​រំដោះ​ជាតិ​មាតុភូមិ នៅ​ក្នុង​បណ្ដាញ​យូធូប (YouTube) កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៦។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ឲ្យ​ដឹង​ថា ការ​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​បែប​នេះ គឺ​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ដូច្នេះ​កងទ័ព​នឹង​ប្ដូរផ្ដាច់​ប្រឆាំង​ដាច់ខាត​មិន​ឱ្យ​មាន​បដិវត្តន៍ ឬ​រដ្ឋប្រហារ​នៅ​កម្ពុជា កើត​ឡើង​ឡើយ ហើយ​ខ្លួន​នឹង​ប្រើ​វិធានការ​ផ្សេងៗ ដើម្បី​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​អង្គភាព​ហ្វ្រេសញ៉ូ (Fresh News) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា។

រី​ឯ​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា ក្រសួង​ការពារ​ជាតិ​មាន​ភារកិច្ច​ការពារ​រដ្ឋាភិបាល​ដែល​កើត​ឡើង​ដោយ​ស្របច្បាប់៖ «អ្នក​ដែល​ប្រកាស​ប្រឆាំង​រាជរដ្ឋាភិបាល​ដែល​ស្របច្បាប់ ឬ​ប្រឆាំង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ឬ​ប្រឆាំង​នឹង​ព្រះករុណា ឬ​ប្រឆាំង​នូវ​ផលប្រយោជន៍​ជាតិ​នៅ​ក្នុង​ផ្នែក​សន្តិសុខ ខាង​ក្រសួង​ការពារ​ជាតិ នឹង​ចាត់​វិធានការ»

​ក្រោយពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ថ្មីៗ​នេះ បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ចែករំលែក​នូវ​ខ្សែ​វីដេអូ​មួយ រយៈពេល ៤​នាទី​កន្លះ ដោយ​ក្នុង​វីដេអូ​នោះ គឺ​បុរស​ម្នាក់​អះអាង​ថា ខ្លួន​នៅ​អង្គភាព​ទិស​និរតី ដែល​ស្លៀកពាក់​ពាក់​អាវធំ ពាក់​ក្រវាត់ក បាន​ថត​ជា​ខ្សែ​វីដេអូ​ឃ្លិប ផ្សព្វផ្សាយ​តាម​គណនី​ហ្វេសប៊ុក បាន​ប្រកាស​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ធ្វើ​រដ្ឋប្រហារ​រំដោះ​ជាតិ​មាតុភូមិ​ពី​របប​គ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

​បុរស​រូប​នោះ​បន្ត​ថា អង្គភាព​របស់​លោក​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដោយ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ដោយ​លើក​ហេតុផល​ថា បាន​រួម​ចំណែក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សម្លាប់​ខ្មែរ​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​ផែនការ “ក៥” មក។ មិន​តែ​ប៉ុណ្ណោះ​ក្នុង​ពេល​ថ្មីៗ​នេះ មាន​ឃាតកម្ម​ធំៗ​ជា​ច្រើន​ទៀត រួម​មាន​ការ​បាញ់​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​ចុង​ក្រោយ​បង្អស់​គឺ​លោក​បណ្ឌិត កែម ឡី។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ឲ្យ​មាន​រដ្ឋ​ប្រហារ​នោះ​ទេ។ លោក​ចង់​ឃើញ​ដំណោះស្រាយ​សន្តិវិធី គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ប្រកួត​ប្រជែង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៖ «មិន​គួរ​ណា​បំផុស​អោយ​មាន​ចលនា​នេះ​នោះ​ទេ ព្រោះ​វា​ធ្វើ​អោយ​រំខាន​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ ចំណុច​ទី​ពីរ គឺ​បទពិសោធន៍​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ក្នុង​ប្រទេស​កម្ពុជា កន្លង​មក ធ្វើ​ឲ្យ​មាន​វប្បធម៌​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក ខ្មែរ​និង​ខ្មែរ​លាប​ពណ៌​គ្នា និង​ចាត់​ទុក​គ្នា​ជាស​ត្រូវ ដូច្នេះ​អ្វី​ដែល​ជា​ចំណុច​សំខាន់​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ»

​ទន្ទឹម​គ្នា​នេះ លោក សូ ចន្ថា បន្ថែម​ថា ប្រសិនបើ​មាន​ការ​លើក​ឡើង​ថា សង្គម​មួយ​នេះ មិន​ទាន់​មាន​យុត្តិធម៌ និង​មិន​មាន​តម្លាភាព​នោះ រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល ហើយ​ធ្វើការ​កែទម្រង់​នូវ​អ្វី​ដែល​ជា​ចំណុច​អសកម្ម​ក្នុង​សង្គម។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​ធានា​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ដោយ​ស្មោះ​ត្រង់ ទើប​អាច​រក​ឃើញ​ចំណុច​រួម​មួយ​ដែល​នាំ​ឲ្យ​ជាតិ​រីកចម្រើន​សម្រាប់​ទាំង​អស់​គ្នា៕

ប្រភពដើមៈ វិទ្យុអាស៊ីសេរី

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership