ក្រុមប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលលាក់ខ្លួន​នៅថៃ ប្រកាសថា បុរស​ដែលអំពាវនាវ​ឱ្យធ្វើរដ្ឋប្រហារ​ជាសមាជិក​របស់ខ្លួន

(ភ្នំពេញ)៖ ក្រុមរណសិរ្សរំដោះជាតិខ្មែរ ដែលលាក់ខ្លួននៅប្រទេសថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះថា បុរសដែលអំពាវនាវឱ្យមាន រដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា គឺជាសមាជិករបស់ខ្លួន។

សេចក្ដីប្រកាសអាសន្នរណសិរ្សរំដោះជាតិខ្មែរ

សេចក្ដីប្រកាសអាសន្នរណសិរ្សរំដោះជាតិខ្មែរ

រណសិរ្យរំដោះជាតិខ្មែរ បានសរសេរនៅក្នុងសេចក្តីប្រកាសអាសន្ន របស់ខ្លួននៅថ្ងៃនេះថា «រណសិរ្យរំដោះជាតិខ្មែរ មានកិត្តិយសជម្រាបជូនដល់សមាជិក រណសិរ្យរំដោះជាតិខ្មែរ សមាជិកគណបក្សសង្រ្គោះជាតិ និងសមាជិកគណបក្សផ្សេងៗទៀត ដែលគាំទ្ររណសិរ្យរំដោះជាតិខ្មែរ កំពុងរស់នៅក្នុងប្រទេសខ្មែរ និងប្រទេសថៃ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពខ្ពស់ ព្រោះកងកម្លាំងរបបផ្តាច់ការ ហ៊ុន សែន អាចនឹងចាប់ខ្លួន ដោយចោទប្រកាន់ថា “ផ្តួលរំលំរដ្ឋាភិបាល ឬរដ្ឋប្រហារ”ជាដើម»

ការប្រកាសរបស់ក្រុមខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច និងកងកម្លាំងយោធាកម្ពុជា កំពុងស្វែងរកបុរសម្នាក់ ដែលបានប្រកាសតាមវីដេអូ នៅលើទំព័រ Facebook និង Youtube កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ អំពីការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលខាងមុខ។

ក្រុមរណសិរ្យរំដោះជាតិខ្មែរនេះ ក៏បានចេញមុខការពារថា ការប្រកាសរបស់សមាជិករបស់ខ្លួន កាលពីថ្ងៃទី១៧ ខែកក្កដានោះ មិនមែនជាការផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ឬធ្វើរដ្ឋប្រហារនោះទេ ប៉ុន្តែជាការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ភ្ញាក់រឮក គិតគូរពីបញ្ហាប្រទេសជាតិទៅវិញ។

អង្គភាព Fresh News មិនអាចទំនាក់ទំនង លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បាននៅឡើយទេ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។ ទោះជាយ៉ាងនេះក្តី នៅព្រឹកមិញនេះ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ Fresh News ឱ្យដឹងថា ក្រសួងការពារជាតិ បានរកឃើញអត្តសញ្ញាណរបស់ជនដែលប្រកាសធ្វើរដ្ឋប្រហារ និងបក្ខពួករបស់គេហើយ។ លោកជឿជាក់ថា ក្រសួងការពារជាតិ នឹងចាប់ខ្លួនពួកគេបានក្នុងពេលឆាប់ៗនេះ។

កាលពីខែមករា ឆ្នាំ២០១៥ ក្រុមរណសិរ្យរំដោះជាតិខ្មែរមួយនេះ បានប្រកាសអំពីការបង្កើតរដ្ឋាភិបាលនិរទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ របស់កម្ពុជា។ ក្រុមនេះបានប្រកាសអំពីរចនាសម្ព័ន្ធរបស់ខ្លួនមួយដែលដឹកនាំដោយឈ្មោះ សម សេរី ធ្លាប់ជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើរដ្ឋប្រហារ បរាជ័យម្តងរួចទៅហើយ។ ជាងនេះទៅទៀត សមាជិករណសិរ្យរំដោះជាតិខ្មែរចំនួន១០នាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែតុលា ឆ្នាំ២០១៤ ដោយចោទប្រកាន់ថា «រួមគំនិតក្បត់់ ប្រឆាំងនិង ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា» ផងដែរ៕

ប្រភពដើមៈ www.freshnewsasia.com

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership