ក្រុម​គ្រួសារ​ទាមទារ​ឲ្យ​ដោះ​លែង​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ទាំង​១០​នាក់

ដោយ សេក បណ្ឌិត​  2014-10-28

ក្រុម​គ្រួសារ​នៃ​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចំនួន ១០​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន អំពាវនាវ​សុំ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​ពួក​គាត់​មក​វិញ និង​ជួយ​ផ្តល់​មេធាវី​ឲ្យ​អ្នក​ទាំង ១០​នាក់​នោះ​ឲ្យ​បាន​ឆាប់។

រូបថត​អត់​មាន​កាលបរិច្ឆេទ​របស់​ប៉ូលិស​កម្ពុជា បង្ហាញ​ពី​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជាមួយ លោក សម សេរី (ឈរ​កណ្ដាល)។

រូបថត​អត់​មាន​កាលបរិច្ឆេទ​របស់​ប៉ូលិស​កម្ពុជា បង្ហាញ​ពី​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជាមួយ លោក សម សេរី (ឈរ​កណ្ដាល)។

ចំណែក​ខាង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ទទួល​សំណើ​នេះ​ហើយ និង​កំពុង​ប្រជុំ​ពិភាក្សា​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត ដើម្បី​រក​មេធាវី​ការពារ​រឿង​ក្តី​មួយ​នេះ ដែល​ទាក់ទង​នឹង​បទ​ចោទ​ចូលរួម​ក្នុង​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

មន្ត្រី​សិទ្ធិ​មនុស្ស និង​គ្រួសារ​ជន​ជាប់​ចោទ ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​សមាជិក​ទាំង ១០​នាក់ នៃ​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដោយ​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ ដោយ​ពុំ​មាន​ភស្តុតាង​ដែល​ស្រប​នឹង​បទ​ចោទ​នោះ​ឡើយ។

សមត្ថកិច្ច​ឃាត់​ខ្លួន​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ១០​នាក់​នោះ ក្នុង​អំឡុង​ពេល​ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។

ស្ត្រី​ម្នាក់​ឈ្មោះ ឈឹម វិមេន អាយុ​ជាង ២០​ឆ្នាំ រស់នៅ​ខេត្ត​ព្រះវិហារ ជា​កូន លោក ឈឹម ស្ម័គ្រ ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ តុលា។ លោកស្រី​មាន​ប្រសាសន៍​ថា ឪពុក​គាត់​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោកស្រី​បន្ត​ថា នៅ​ថ្ងៃ​ចាប់​ខ្លួន​នោះ ឪពុក​គាត់​អង្គុយ​នៅ​លើ​រ៉ឺម៉ក​កង់​បី​មុខ​ស្ថានទូត​វៀតណាម ដោយ​មិន​ទាន់​បាន​ធ្វើ​បាតុកម្ម​អ្វី​ទេ។ ពេល​នោះ សមត្ថកិច្ច​មក​ហៅ​ឲ្យ​ទៅ​សម្រប​សម្រួល​គ្នា​សិន​ចាំ​មក​វិញ ហើយ​គាត់​ក៏​ព្រម​ទៅ។ ពេល​ចេញ​ទៅ សមត្ថកិច្ច​ក៏​ចាប់​ឃាត់​ខ្លួន​តែ​ម្តង៖ «មិន​អាច​ចោទ​ប្រកាន់​គាត់​ថា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ណា​មាន​គ្នា​តែ ១០​នាក់ ហើយ​គាត់​ធ្វើ​ដោយ​ស្រប​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ប្រជាពលរដ្ឋ​ម្នាក់ៗ​គាត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ ចែក​ខិត្តប័ណ្ណ​ស្រប​ច្បាប់ អត់​មាន​ប្រើ​អំពើ​ហិង្សា​ប៉ះពាល់​លើ​អ្នក​ណា​ទេ។ គាត់​អត់​មាន​អាវុធ​អី​សោះ​នៅ​ដៃ ហើយ​គាត់​អង្គុយ​លើ​តុកតុក​ស្លៀកពាក់​ខោអាវ​ធម្មតា ស្រាប់​តែ​ហៅ​គាត់​យក​ទៅ»

ទាក់ទង​បញ្ហា​នេះ​ដែរ លោកស្រី​សុំ​អំពាវនាវ​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ជួយ​រក​យុត្តិធម៌​ជូន​ឪពុក​គាត់ និង​អ្នក​ទាំង ៩​នាក់​ផ្សេង​ទៀត។

ចំណែក​សមាជិក​គណៈកម្មការ​នៃ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ប្រចាំ​ការិយាល័យ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ លោក ឃុន ចាន់តូ ក៏​បាន​ថ្លែង​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​ក្រុម​គាត់ និង​ទាមទារ​សុំ​ឲ្យ​ដោះ​លែង​អ្នក​ទាំង ១០​នាក់​នោះ ឲ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់ ពីព្រោះ​ពួក​គាត់​គ្រាន់​តែ​ចង់​សម្ដែង​មតិ​ទៅ​តាម​ច្បាប់ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជាតិ និង​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ៖ «បាទ! តាម​តែ​ការ​យល់ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ខ្មែរ និង​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​ក្នុង​ទីក្រុង​ប៉ារីស នេះ​ហើយ​ដែល​បញ្ជាក់​ថា ប្រទេស​វៀតណាម កំពុង​ឈ្លាន​ពាន​ប្រទេស​ខ្មែរ កំពុង​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​ក្នុង​ទីក្រុង​ប៉ារីស យ៉ាង​ធ្ងន់ធ្ងរ»

ឆ្លើយ​តប​ករណី​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ តុលា ថា សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក និង​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ ហើយ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី មាន​សេចក្តី​ក្លាហាន​ចូល​មក​បំភ្លឺ​ចំពោះ​មុខ​តុលាការ​ដោយ​ផ្ទាល់ ទើប​ជា​ការ​ប្រសើរ៖ «យើង​មាន​ឯកសារ​សកម្មភាព​ត្រឹមត្រូវ ដែល​ដាក់​បញ្ជូន​ទៅ​តុលាការ ពុំ​មែន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​តាម​ការ​នឹក​ឃើញ ហើយ​បើ​និយាយ​តាម​ច្បាប់ ស្អី​ក៏ដោយ​ដែល​ធ្វើ​សកម្មភាព​នៅ​លើ​ទឹក​ដី​កម្ពុជា ត្រូវ​តែ​គោរព​តាម​ច្បាប់​កម្ពុជា ហើយ​អង្គការ​រណសិរ្ស​គាត់​អត់​បាន​ធ្វើ​ពាក្យ​ដាក់​ច្បាប់ គាត់​បង្កើត​រណសិរ្ស​ដោយ​ខ្លួន​ឯង បាន​សេចក្តី​ថា ជា​រណសិរ្ស​មួយ​ស្ថិត​នៅ​ក្រៅ​ច្បាប់​ទៅ​ទៀត»

ទោះ​យ៉ាង​ណា ក្នុង​ចំណោម​ភស្តុតាង​ទាំង​នោះ លោក​បញ្ជាក់​ថា ពុំ​មាន​អាវុធ​ជាតិ​ផ្ទុះ​អ្វី​នោះ​ទេ។ បច្ចុប្បន្ន អ្នក​ទាំង ១០​នាក់​នោះ កំពុង​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស និង​កំពុង​អនុវត្ត​តាម​នីតិវិធី​របស់​តុលាការ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​កំពុង​តាម​ដាន​អង្កេត​រឿង​នេះ មាន​ប្រសាសន៍​ថា សកម្មភាព និង​ភស្តុតាង​ជាក់ស្តែង បើ​ធៀប​ទៅ​នឹង​បទ​ចោទ​នោះ វា​ហាក់​ដូចជា​មិន​ស៊ី​សង្វាក់​គ្នា​ឡើយ។ លោក​បន្ត​ថា ករណី​នេះ​ទំនង​ជា​សមត្ថកិច្ច​រដ្ឋាភិបាល ចោទ​ភ្ជាប់​ទៅ​នឹង​ករណី​ចលនា​ក្បាល​ខ្លា​កាល​ពី​ឆ្នាំ​២០០៩ ដែល​មាន​ទាក់ទង លោក សោម ឯក និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត៖ «ដោយសារ​កាល​នោះ លោក សម សេរី មាន​ថតរូប​ជាមួយ លោ សំ ឯក អី​ដែរ ហើយ​កាល​នោះ​គេ​ហៅ​ថា​ចលនា​ក្បាល​ខ្លា ហើយ​អ៊ីចឹង​រដ្ឋាភិបាល​ចោទ​ប្រកាន់​ដូច​គ្នា ដោយ​បង្វិល​ពី​ចលនា​ក្បាល​ខ្លា មក​ជា​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​រិះគន់​ចំពោះ​ការ​ចាប់​ខ្លួន ព្រម​ទាំង​ទាមទារ​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល បង្ហាញ​ភស្តុតាង​ដាក់​បន្ទុក​ជាក់​លាក់​ឲ្យ​សម​នឹង​បទ​ចោទ និង​មាន​វិធានការ​ច្បាស់​លាស់ រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​រឿង​នេះ៖ «ពីព្រោះ​ដូចជា​ការ​ចាប់​ខ្លួន​នៅ​មុខ​ស្ថានទូត​វៀតណាម ដូច​អី​នេះ យើង​ឃើញ​ថា កន្លង​មាន​គេ​ធ្វើ​បាតុកម្ម​ជា​ហូរហែ​អ៊ីចឹង​ដែរ ហើយ​វា​ខុស​គ្នា​កាល​ពី​ចលនា​ក្បាល​ខ្លា យើង​ឃើញ​មាន​ផ្ទុះ​គ្រឿង​ផ្ទុះ​អីៗ​ជា​ហូរហែ ហើយ​លើក​នេះ​ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ហើយ​ខ្ញុំ​គិត​ថា ចលនា​ទាំង​ពីរ​នេះ​អ្នក​ណា​ក៏​ដឹង​អ្នក​ណា​ក៏​ឮ ហើយ​អ្នក​ទាំង​ពីរ​នេះ មក​ទល់​ពេល​នេះ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត ដើម្បី​រក​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ត្រូវ​បាន​រងគ្រោះ ហើយ​ត្រូវ​បាន​ចាញ់​បោក​គេ ឬ​មួយ​យ៉ាង​ម៉េច​ទេ​បាទ»

ជន​សង្ស័យ​ទាំង ១០​នាក់​ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​នោះ ភាគ​ច្រើន​ជា​កសិករ​រស់នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា។

ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ជា​អ្នក​ដឹក​នាំ​ចលនា​មួយ​ប្រឆាំង​នឹង​របប​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សាលា​ដំបូង​រាជធានី​ភ្នំពេញ ធ្លាប់​បាន​កាត់​ទោស​កំបាំង​មុខ លោក សម សេរី ឲ្យ​ជាប់​ពន្ធនាការ​រយៈពេល ៩​ឆ្នាំ​ម្តង​រួច​មក​ហើយ ពី​បទ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល។

ទោះ​យ៉ាង​ណា​ក្តី លោក សម សេរី បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ក្រុម​ប្រដាប់​អាវុធ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​ទទួល​ស្គាល់​ថា លោក​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា៕

ប្រភពព័ត៌មានៈ វិទ្យុអាស៊ីសេរី

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership