ជន​អនាមិក​បាច​ត្រាក់​​ឲ្យ​ទម្លាក់​លោក ហ៊ុន សែន ពី​អំណាច

 

មាន​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ជា​ច្រើន​សន្លឹក​​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាច​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ជា​ច្រើន​កន្លែង​​​ក្នុង​ទី​រួម​​ខេត្ត​ព្រះវិហារ កាល​ពី​រាត្រី​ថ្ងៃ​ទី​៨ ខែ​ធ្នូ កន្លង​ទៅ។

KNLF LOGO

​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​នៅ​ខេត្ត​ព្រះវិហារ ​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ពិត​មែន ​ក៏​ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ចង់​អធិប្បាយ​អំពី​រឿង​នោះ​ទេ។

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ គឺ​លោក ស៊ី គីរី។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ធ្នូ ថា ពិត​ជា​មាន​ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ​មែន ក៏​ប៉ុន្តែ​លោក​មិន​បាន​​បញ្ជាក់​ឱ្យ​ដឹង​អំពី​ខិត្តប័ណ្ណ​នោះ​មាន​ចំនួន​​ប៉ុន្មាន​សន្លឹក ហើយ​តើ​​ប៉ូលិស​នឹង​ចាត់​វិធានការ​យ៉ាង​ណា​នោះ​ទេ៖ «អូ!ខ្ញុំ​មិន​ទាន់​បាន​ពិនិត្យ​មើល​ទេ ព្រោះ​ខ្ញុំ​ទើប​តែ​ចុះ​ពី​យន្តហោះ សូមទោស!»។

ខិត្តប័ណ្ណ​ដែល​ជន​មិន​ស្គាល់​មុខ​បាន​បាច​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នៃ​ទី​រួម​ខេត្ត​ព្រះវិហារ​នោះ ​គឺ​បាន​បញ្ជាក់​ថា ជា​សកម្មភាព​របស់​ក្រុម “រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ” មាន​មេដឹកនាំ​​​ឈ្មោះ សម សេរី នៅ​ឯ​ប្រទេស​ដាណឺម៉ាក។

នៅ​ក្នុង​ខ្លឹមសារ​​នៃ​ខិត្តប័ណ្ណ​នោះ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ សិស្ស និស្សិត ព្រះសង្ឃ និង​មន្ត្រី​រាជការ ​សាមគ្គី​គ្នា ក្រោក​ឈរ​នៅ​ទូទាំង​ប្រទេស​ដើម្បី​រំដោះ​ជាតិ​ខ្មែរ​ចេញ​ពី​អាណានិគម​វៀតណាម និង​ផ្លាស់ប្ដូរ​ចេញ​ពី​របប​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ខិត្តប័ណ្ណ​នោះ បាន​ហៅ​ការ​ដឹក​នាំ​រដ្ឋាភិបាល​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន ថា​គឺ​ជា​របប​ផ្ដាច់ការ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កំពុង​ជួប​គ្រោះ​មហន្តរាយ និង​បាត់បង់​ទឹក​ដី​ទៅ​ឱ្យ​បរទេស។

មន្ត្រី​រដ្ឋាភិបាល​បាន​ហៅ​សកម្មភាព​នៃ​ការ​បាច​ខិត្តប័ណ្ណ​នោះ​ថា គឺ​អំពើ​វិទ្ធង្សនា​​សង្គម ឯ​ការ​​​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចលនា​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ដែល​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត​ទៀត​នោះ ​គឺ​ជា​ការ​ក្បត់​ជាតិ ក្បត់​រដ្ឋធម្មនុញ្ញ​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​​សន្តិសុខ​ជាតិ​​ដែរ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​សកម្មភាព​នោះ៖ «អា​រឿង​ហ្នឹង​វា​មិន​មែន​ជា​រឿង​សាមញ្ញ​ធម្មតា​ទេ ដូច្នេះ​ការិយាល័យ​ស៊ើប​អង្កេត​ខាង​ផ្នែក​យោធា​ហ្នឹង គេ​នឹង​ស៊ើប​អង្កេត​ត​ទៅ​ទៀត»។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ ​បាន​ប្រទះ​ឃើញ និង​រើស​យក​ខិត្តប័ណ្ណ​ដែល​គេ​បាច​ចោល​នោះ​មក​អាន។ ពួកគេ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា ខិត្តប័ណ្ណ​នោះ​មាន​ការ​វាយ​ប្រហារ​រដ្ឋាភិបាល។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​មាន​ប្រសាសន៍​ថា បើ​តាម​លោក​ដឹង គឺ​ខិត្តប័ណ្ណ​ដែល​គេ​បាច​នៅ​តាម​ដង​ផ្លូវ​មាន​រាប់​រយ​សន្លឹក។

លោក ឡោ ច័ន្ទ ​បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា លោក​មិន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​​ខិត្តប័ណ្ណ​នោះ​ទេ៖ «នេះ​ជា​រឿង​នយោបាយ ១​ផ្នែក ហើយ ១​ផ្នែក​ទៀត ជា​រឿង​បញ្ចេញ​ទស្សនៈ​របស់​ជន​អនាមិក​ដែល​គាត់​ឈឺ​ចាប់​ទៅ​នឹង​រឿង​អ្វី​មួយ។ សិទ្ធិ​មនុស្ស​ មិន​សូវ​មាន​ចាប់​អារម្មណ៍​ណាស់​ណា​ទៅ​លើ​អ្វី​ដែល​ជន​អនាមិក​បាន​បោះ​លិខិត​ពាសវាលពាសកាល​តាម​ដង​ផ្លូវ​សាធារណៈ​នោះ​ទេ»។

អាជ្ញាធរ​ខេត្ត​ព្រះវិហារ ​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​លើក​ដំបូង​ដែល​មាន​សកម្មភាព​បាច​ខិត្តប័ណ្ណ​ ប្រឆាំង​រដ្ឋាភិបាល​នៅ​ខេត្ត​នេះ​ ពីព្រោះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក គេ​ពុំ​ធ្លាប់​ឃើញ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ដូច្នេះ​ទេ៕

ប្រភពដើមៈ​ វិទ្យុអាស៊ីសេរី

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership