តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ជន​ជាប់​ចោទ​៧​នាក់​ពី​បទ​ក្បត់​ជាតិ

ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ ដើរ​ចេញ​ពី​បន្ទប់​ជន​ជាប់​ចោទ​ចូល​ក្នុង​សវនាការ​នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤។

ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ ដើរ​ចេញ​ពី​បន្ទប់​ជន​ជាប់​ចោទ​ចូល​ក្នុង​សវនាការ​នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ មីនា បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​រឿង​ក្តី​ជន​ជាប់​ចោទ ៧​នាក់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ឆ្លង​ដែន​ខុស​ច្បាប់។ សាលក្រម​នៃ​សវនាការ​នេះ តុលាការ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤ ខាង​មុខ។

ដូច​ការ​គ្រោង​ទុក សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​ទាំង ៧​នាក់ ក្រោម​បទ​ចោទ​រួម​គំនិត​ក្បត់ តាម​មាត្រា​៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១១។ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ៧​នាក់​នោះ ៣​នាក់​ត្រូវ​បាន​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ និង ៤​នាក់​ផ្សេង​ទៀត ត្រូវ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់​ផង និង​ឆ្លង​ដែន​ខុស​ច្បាប់​ផង។

ជន​ជាប់​ចោទ​ទាំង ៧​នាក់​នោះ រួម​មាន លោក យ៉ាន យឿន មក​ពី​ខេត្ត​ព្រះវិហារ លោក ខេ ម៉ា មក​ពី​ខេត្ត​តាកែវ លោក យ៉ន គឹមស្រ៊ុន មក​ពី​ខេត្ត​តាកែវ លោក សួន សុទ្ធិគន្ធ មក​ពី​ភ្នំពេញ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ៣​នាក់​ទៀត គឺ​លោក ថាច់ កុងភួង លោក យិន យ៉ាវ និង​លោក សួន ថុល។ ពួក​គេ​ទាំងអស់​នោះ សុទ្ធតែ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ នៅ​ក្នុង​ប្រទេស​ថៃ។ ក្នុង​ចំណោម​នោះ មាន ៣​នាក់ គឺ​ជា​សង្ឃ នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន គឺ​មាន​លោក ថាច់ កុងភួង លោក យ៉ាន យឿន និង​លោក យ៉ន គឹមស្រ៊ុន។

សវនាការ​ជំនុំ​ជម្រះ​រយៈពេល​ពេញ​មួយ​ថ្ងៃ មាន​ការ​ចូល​រួម​ដោយ​មេធាវី​ជន​ជាប់​ចោទ​ទាំង ៧​រូប មន្ត្រី​នគរបាល​យុត្តិធម៌ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សាច់ញាតិ​ជន​ជាប់​ចោទ​មួយ​ចំនួន។ ក្នុង​នោះ​ក៏​មាន​ឪពុក​ម្តាយ​របស់ លោក ថាច់ កុងភួង ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​កម្ពុជា​ក្រោម ដើម្បី​ចូល​រួម​មើល​ការ​ជំនុំ​ជម្រះ​ក្តី​កូន​ប្រុស​របស់​គាត់​ផង​ដែរ។

នៅ​ក្នុង​សវនាការ​នោះ តុលាការ​បាន​កោះ​ហៅ​ជន​ជាប់​ចោទ​មក​សួរ​ដេញ​ដោល​ម្តង​ម្នាក់ៗ។ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ និង​តំណាង​អយ្យការ បាន​ចោទ​សួរ​ដេញដោល និង​លើក​ឡើង​ភស្តុតាង​ផ្សេងៗ ព្រម​ទាំង​បង្ហាញ និង​អាន​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ​ទាំង ៧​នាក់ ដែល​ពួក​គេ​បាន​ឆ្លើយ​សារភាព​នៅ​ពេល​ចៅក្រម​ស៊ើបសួរ និង​នគរបាល​យុត្តិធម៌ បាន​សួរ​ចម្លើយ​ពួក​គេ​កាល​ពី​ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១៣។

ប៉ុន្តែ ជន​ជាប់​ចោទ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​ថា ពួក​គេ​មិន​បាន​ចូល​រួម​ក្នុង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់ លោក សម សេរី ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្វី​នោះ​ទេ។

ពួក​គេ​ក៏​បាន​ច្រាន​ចោល​នូវ​ចម្លើយ​ដែល​ពួក​គេ​បាន​សារភាព​ចំពោះ​មុខ​នគរបាល​យុត្តិធម៌ ដោយ​លើក​ឡើង​ថា ពួក​គេ​ត្រូវ​បាន​បំភិតបំភ័យ គំរាម​កំហែង និង​ពេល​ខ្លះ​ត្រូវ​នគរបាល​ធ្វើ​ទារុណកម្ម ដើម្បី​បាន​ចម្លើយ ហើយ​ថា ពេល​សួរ​ចម្លើយ​នោះ ពួក​គេ​មិន​មាន​មេធាវី​នៅ​ក្បែរ​ឡើយ ហើយ​អ្នក​ខ្លះ​ទៀត​ទទួល​ស្គាល់​ស្នាម​មេដៃ​របស់​ខ្លួន​លើ​ក្រដាស​សារភាព តែ​មិន​ទទួល​ស្គាល់​ខ្លឹមសារ​ក្នុង​ចម្លើយ​សារភាព​នោះ​ទេ ដោយ​លើក​ឡើង​ថា ចម្លើយ​នោះ​វា​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​គេ​បាន​និយាយ។ រីឯ​អ្នក​ខ្លះ​ទៀត​និយាយ​ថា នគរបាល​ជា​អ្នក​ពន្យល់ ហើយ​នគរបាល​ឲ្យ​ឆ្លើយ​តាម​ពួក​គេ។

យ៉ាង​ណា មន្ត្រី​នគរបាល​យុត្តិធម៌ និង​ជា​នាយ​រង​ការិយាល័យ ទទួល​បន្ទុក​សន្តិសុខ​ផ្ទៃ​ក្នុង​ក្រសួង​មហាផ្ទៃ លោក រិត សារឿន បាន​ថ្លែង​ក្នុង​អង្គ​សវនាការ​ថា លោក​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ជន​ជាប់​ចោទ​ទាំងអស់ ដែល​ថា នគរបាល​យុត្តិធម៌​បាន​បង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ទៅ​លើ​ពួក​គេ។ លោក​អះអាង​ថា នៅ​ពេល​ដែល​សួរ​ចម្លើយ​នោះ ក៏​មាន​ការ​ចូល​រួម​ពី​ចៅក្រម​ស៊ើបសួរ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ លោក​អះអាង​បន្ត​ថា មុន​នឹង​ឲ្យ​ជន​ជាប់​ចោទ​ផ្ដិត​មេដៃ នគរបាល​បាន​អាន​ឲ្យ​ពួក​គេ​ស្តាប់​ត្រឹមត្រូវ ហើយ​អ្នក​ខ្លះ​ទៀត​សុំ​អាន​ចម្លើយ​សារភាព​ខ្លួន​ឯង​ទៀត​ផង។ លោក​ថា រឿង​នេះ​មិន​អាច​ធ្វើ​ផ្ដេសផ្ដាស​បាន​ទេ ព្រោះ​វា​ជា​រឿង​ធំ។ ទោះ​យ៉ាង​ណា ក្នុង​ពេល​ឡើង​ថ្លែង​នោះ លោក​បាន​គំរាម​ដាក់​ពាក្យ​ប្ដឹង​ជន​ជាប់​ចោទ លោក ខេ ម៉ា បន្ថែម​ទៀត នៅ​ពេល​ដែល​ជន​ជាប់​ចោទ​រូប​នេះ​បាន​ចង្អុល​លើ​មន្ត្រី​ប៉ូលិស​ម្នាក់ ដែល​កំពុង​អង្គុយ​ក្នុង​បន្ទប់​សវនាការ ដោយ​និយាយ​ថា ប៉ូលិស​រូប​នោះ​បាន​វាយ​ដំ​ទៅ​លើ​រូប​គេ​ក្នុង​ពេល​សួរ​ចម្លើយ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​នោះ គឺ​សាក្សី​ឈ្មោះ សម ឯក ដែល​ត្រូវ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​កោះ​ឲ្យ​ចូល​ធ្វើ​សាក្សី ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ឲ្យ​សន្តិសុខ​ចាប់​យក​ចេញ​ទៅ​ក្រៅ​បន្ទប់​សវនាការ​វិញ បន្ទាប់​ពី​លោក​មិន​បាន​ឆ្លើយ​ឲ្យ​ចំ​ទៅ​តាម​ការ​សាកសួរ​របស់​តុលាការ។ លោក សម ឯក ពេល​នោះ​បាន​និយាយ​វាយ​ប្រហារ​លើ លោក ហ៊ុន សែន។ លោក​ថា ជន​ជាប់​ចោទ​ទាំងអស់​នោះ គឺ​មុខ​សុទ្ធតែ​ខ្មែរ ហើយ​ថា​សមត្ថភាព​អ្នក​ទាំងអស់​នោះ​មិន​អាច​ធ្វើ​អ្វី​គណបក្ស​ប្រជាជន​កម្ពុជា របស់ លោក ហ៊ុន សែន បាន​ទេ។

មេធាវី​ជន​ជាប់​ចោទ​ទាំង ៧​នាក់ បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំងអស់​មក​លើ​កូន​ក្តី​របស់​ខ្លួន​ចោល និង​ឲ្យ​តុលាការ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​ពួក​គេ​សំអាង​ថា ការ​ចោទ​ប្រកាន់​មិន​មាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់ ចម្លើយ​សារភាព​ដែល​បាន​មក បាន​តាម​រយៈ​ការ​បង្ខិតបង្ខំ ការ​ធ្វើ​ទារុណកម្ម គ្មាន​ប្រភព​ច្បាស់​លាស់ និង​អាច​កែច្នៃ​បាន។

អង្គ​សវនាការ​បាន​បញ្ចប់​នៅ​ម៉ោង​ជាង ៦​ល្ងាច។ តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​អំពី​រឿង​ក្តី​នេះ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤ ខាង​មុខ៕
ប្រភពៈ វិទ្យុអាស៊ីសេរី

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership