តើ​តុលាការ​អន្តរជាតិ​នឹង​ពិនិត្យ​មើល​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ឬ​ទេ?

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុល្លង់ (Netherlands) បាន​ទទួល​ពាក្យ​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ចំនួន​ពីរ​ច្បាប់​ផ្សេង​គ្នា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្មីៗ​នេះ​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រៀបចំ​ឯកសារ និង​ប្រមូល​ភស្តុតាង​មួយ​ចំនួន​ទៀត ដើម្បី​ប្ដឹង​កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​ទៅ​តុលាការ​អន្តរជាតិ ឲ្យ​ផ្ដន្ទាទោស​អ្នក​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ហិង្សា ដែល​បណ្ដាល​ឲ្យ​កម្មករ ៥​នាក់​ស្លាប់ និង​របួស​មួយ​ចំនួន​ទៀត។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​មាន​យុត្តាធិការ​ពិនិត្យ​លើ​បណ្ដឹង​ឧក្រិដ្ឋ​ប្រឆាំង​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ នេះ។

ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក (ADHOC) លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​សម្លាប់​មនុស្ស​ចំនួន ៧​នាក់ និង​បណ្ដាល​ឲ្យ​រង​របួស​មួយ​ចំនួន​ទៀត ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយសារ​ការ​បង្ក្រាប​ទាំង​នោះ​ត្រូវ​បាន​រៀបចំ​ដោយ​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​រដ្ឋាភិបាល​នៅ​មិន​ទាន់​ស្វែង​រក​ឃាតក​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​នៅ​ឡើយ។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​លក្ខន្តិកៈ​ទីក្រុង​រ៉ូម (Rome) ដើម្បី​ផ្ដន្ទាទោស​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​នៃ​ការ​ឈ្លាន​ពាន។

តុលាការ​នេះ​មិន​អាច​ជំនួស​តុលាការ​នៃ​ប្រទេស​ជា​សមាជិក​ទេ ប៉ុន្តែ​អាច​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​សង្ស័យ​ពី​បទ​ឧក្រិដ្ឋកម្ម ប្រសិន​បើ​តុលាការ​នៅ​ប្រទេស​សាមី​នោះ​មិន​អាច​ធ្វើ​បាន ឬ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត។ ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​លើ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម កាល​ពី​ខែ​តុលា ឆ្នាំ​២០០០។

មក​ទល់​ពេល​នេះ មាន​ចលនា​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ចំនួន​ពីរ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន។ រណសិរ្ស​រំដោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណាម៉ាក (Denmark) កាល​ពី​ឆ្នាំ​២០១៣ បាន​ដាក់​ពាក្យ​បណ្ដឹង​ចោទ​លោក ហ៊ុន សែន ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៨០ ក្នុង​យុទ្ធនាការ ក៥ ការ​សម្លាប់​សកម្មជន​សហជីព​ព្រៃ​ឈើ ព្រះសង្ឃ និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។ តុលាការ​បាន​ច្រាន​ចោល​ពាក្យ​បណ្ដឹង​នោះ ដោយ​សំអាង​ថា គ្មាន​ភស្តុតាង​ច្បាស់លាស់ ប៉ុន្តែ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ នេះ រណសិរ្ស​រំដោះ​ជាតិ​បាន​ដាក់​ឯកសារ​បន្ថែម​ទៀត​ទៅ​តុលាការ​ស្ដីពី​ការ​បង្ក្រាប​ហិង្សា​បណ្ដាល​ឲ្យ​កម្មករ ៥​នាក់​ស្លាប់។

ប្រធាន​រណសិរ្ស​រំដោះ​ជាតិ លោក សម សេរី មាន​សង្ឃឹម​ថា តុលាការ​នឹង​ពិចារណា​លើ​ភស្តុតាង​ថ្មី​បន្ថែម​ទៀត​នេះ ប្រឆាំង​នឹង​លោក ហ៊ុន សែន នៅ​ពេល​នេះ។

ចំណែក​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។

ដោយ​ឡែក​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ប្រមូល​ភស្តុតាង និង​រៀបចំ​ឯកសារ​មួយ​ចំនួន​ទៀត ដើម្បី​ប្តឹង​កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​​លើ​ក្រុម​បាតុករ។

លោក​មេធាវី រីឆាដ រ៉ចជើរ (Richard Rogers) កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៤ បាន​ដាក់​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ សុំ​ឯកសារ​ភស្តុតាង​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា ប៉ុន្តែ​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បដិសេធ​មិន​ផ្ដល់​ឯកសារ​ទាំង​នោះ។

លោក នី ចរិយា មាន​ប្រសាសន៍​បន្ថែម​ថា ការ​បដិសេធ​របស់​កងកម្លាំង​ប្រដាប់​អាវុធ នឹង​បន្ថែម​ទម្ងន់​លើ​បណ្ដឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន​ នៅ​តុលាការ​អន្តរជាតិ។

រដ្ឋាភិបាល​កម្ពុជា មិន​បាន​សំដែង​ការ​ចាប់​អារម្មណ៍​ទៅ​នឹង​ពាក្យ​បណ្ដឹង​នៅ​តុលាការ​អន្តរជាតិ​នេះ​ទេ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល បាន​ប្រើប្រាស់​មធ្យោបាយ​សមស្រប​បង្ក្រាប​ទៅ​លើ​បាតុកម្ម ដើម្បី​រក្សា​សន្តិសុខ​របស់​ប្រទេស​ជាតិ។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​ស៊ើប​អង្កេត និង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​មួយ​ចំនួន​លើ​ពិភពលោក រួម​មាន​មេដឹកនាំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​កុងហ្គោ លីប៊ី និង​កេនយ៉ា ជាដើម៕

ប្រភពដើមៈ វិទ្យុអាស៊ីសេរី

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership