បញ្ជូន​សមាជិក​អង្គការ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​នាក់​មក​តុលាការ

ភ្នំពេញ​ ៖​ ក្រុម​បុរស​១០​នាក់​ ដែល​ជា​សមាជិក​នៃ​អង្គការ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ​ហើយ​កាលពី​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤។

ជន​សង្ស័យ​ទាំង​១០​នាក់​ដែល​នគរបាល​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ​បញ្ជូន​មក​តុលាការ​នា​ពេល​នេះ ទី​១-​ឈ្មោះ​ឆាយ វ៉ិច​ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​មុខរបរ​ជា​គ្រូបង្រៀន ​ទី​២-​ឈ្មោះ ឈុន ណា​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​មុខរបរ​ជា​គ្រូបង្រៀន ទី​៣-​ឈ្មោះ​ច្រាញ ម៉ុ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​រដ្ឋបាល​នៃ​សាកលវិទ្យាល័យ​បាត់ដំបង ទី​៤-​ឈ្មោះ​លីវ យី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ជា​កសិករ ទី​៥-​ឈ្មោះ​ឈុន ឆាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​នៅ​ប្រទេស​ថៃ ទី​៦-​ឈ្មោះ​ឡា​ត់ លី​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កសិករ ទី​៧-​ឈ្មោះ​ឈឹម ស្ម័គ្រ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​កសិករ ទី​៨-​ឈ្មោះ​ច័ន្ទ រ៉ា​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ជា​កសិករ ទី​៩-​ឈ្មោះ​ច័ន្ទ ស្នា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កសិករ​ និង​ទី​១០-​ឈ្មោះ​អាន ច័ន្ទ ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជា​កសិករ។

ព្រះរាជអាជ្ញា​អម​តុលាការ​ក្រុង​ភ្នំពេញ​កំពុង​ដំណើរការ​សួរ​យក​ចម្លើយ​ពី​ជនសង្ស័យ​ទាំង​១០​នាក់​តាម​នីតិវិធី ប៉ុន្តែ​ពួកគេ​នៅ​ពុំ​ទាន់​មាន​មេធាវី​ប្រឹក្សា​យោបល់​នៅឡើយ។

គួរ​រំលឹក​ថា​កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​តុលា នគរបាល​សន្តិសុខ​ផ្ទៃក្នុង​បាន​ឃាត់ខ្លួន​បុរស​៥​នាក់​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំការមន ជាមួយ​នឹង​វត្ថុតាង​មួយ​ចំនួន​ដែល​ពួកគេ​ប្រើប្រាស់​សម្រាប់​យុទ្ធនាការ​ធ្វើ​ឲ្យ​មានការ​ប្រឆាំង​មួយ​នៅមុខ​ស្ថានទូត​វៀតណាម​នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា​។ បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​២៣ នគរបាល​សន្ដិសុខ​ផ្ទៃក្នុង​បាន​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ទៀត​នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ នៅពេល​ពួកគេ​ប្រមូល​ផ្ដុំគ្នា​គ្រោង​នឹង​ចេញ​ធ្វើ​សកម្មភាព។

ការ​ចាប់ខ្លួន​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ទាំង​១០​នាក់​ខាងលើ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​ជាច្រើន​រួមមាន​សេចក្ដីអំពាវនាវ​ឲ្យ​មហាជន​ចូលរួម​ធ្វើបាតុកម្ម លិខិតអញ្ជើញ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​និង​មួក​ស្លឹក​ត្នោត​ដែល​មាន​បិទ​ភ្ជាប់​ដោយ​ស្លាក​សញ្ញា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​សម្រាប់​ពាក់​ធ្វើ​សកម្មភាព​ជាដើម។

គួរ​រំលឹក​ថា កាលពី​ខែ​មេសា ឆ្នាំ​២០១៤​កន្លង ទៅ​តុលាការ​ទីក្រុង​ភ្នំពេញ​បាន​កាត់ទោស​កំបាំងមុខ​លើ​ជនជាប់ចោទ​ឈ្មោះ​សំ សិរី ដែល​កំពុង​រស់នៅ​ប្រទេស​ដាណឺម៉ាក​ឲ្យ​ជាប់ពន្ធនាគារ​៩​ឆ្នាំ​ពី​បទ​បង្កើត​ចលនា​ប្រដាប់​អាវុធ​ដោយ​ខុសច្បាប់​មាន​គោលបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ជាមួយ​គ្នានេះ​តុលាការ​ក៏បាន​ផ្ដន្ទាទោស​បុរស​ចំនួន​១៣​នាក់​ផ្សេងទៀត​ក្រោម​បទ​សមគំនិត​ក្បត់ជាតិ ហើយ​ជនសង្ស័យ​ទាំង​១៣​នាក់​ដែល​កំពុង​ជាប់ឃុំ​ក៏​ស្ថិតនៅ​ក្នុង​អង្គការ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែរ។

សូម​បញ្ជាក់​ថា តាម​ខ្លឹមសារ​នៃ​សេចក្ដី​អំពាវនាវ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែល​មាន​ចុះហត្ថលេខា​ដោយ​ឈ្មោះ​សំ សេរី ហើយ​ត្រូវ​សមត្ថកិច្ច​រឹបអូស​នោះ​បាន​បញ្ជាក់​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ខ្មែរ​ក្រោម​ទាំងអស់​ក្រោក​ឡើង​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៤ ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១​និង​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត។

សេចក្ដី​អំពាវ​នេះ​ក៏បាន​បរិហារ​រិះគន់​ដល់​ប្រទេស​វៀតណាម​និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ចោទ​ថា​បាន​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​មិន​យុត្តិធម៌​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី ធ្វើ​ឲ្យ​ការ​រឹបអូស​ដីធ្លី ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ខ្មែរ​និង​ការ​កាប់​រុករាន​បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល​៩៩​ឆ្នាំ​ជាដើម៕

http://www.kpt-news.com/local-news/security-social/17773-2014-10-24-09-02-25.html

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership