បុរសម្នាក់ត្រូវកាត់ទោសពីបទរួមគំនិតក្បត់ជាតិ

Credit@ www.postkhmer.com Tue, 5 May 2015 ប៊ុត រស្មីគង្គា
ភ្នំពេញៈ សាលាដំបូងរាជធានី កាលពីព្រឹកម្សិលមិញ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទម្នាក់ ដែលជាសមាជិក «រណសិរ្សរំដោះជាតិខ្មែរ» ដែលមានឈ្មោះ សម សេរី ជាប្រធានចលនា ក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១២ រហូតដល់ខែឧសភា ឆ្នាំ ២០១៤។

លោក កោ វណ្ឌី ប្រធានចៅក្រមប្រឹក្សាចៅក្រមជំនុំជម្រះបានឲ្យដឹងថា ជនត្រូវចោទរូបនេះ មាន ឈ្មោះ ហ៊ិន ចាន់ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានមុខរបរមុនចាប់ខ្លួន ជាសមាជិកនៃ «រណសិរ្សរំដោះជាតិខ្មែរ» ទទួលបន្ទុកផ្នែកវេបសាយនិងប្លុក របស់រណសិរ្សរំដោះជាតិខ្មែរប្រចាំនៅប្រទេសថៃ។
Credit@ http://www.postkhmer.com/ព័ត៌មានជាតិ/បុរសម្នាក់ត្រូវកាត់ទោសពីបទរួមគំនិតក្បត់ជាតិ

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទ ឈ្មោះ ហ៊ិន ចាន់ ត្រូវបានចោទប្រកាន់ចំនួនឮ ២ បទល្មើសគឺ «រួមគំនិតក្បត់ជាតិ និងក្លែងឯកសារសាធារណៈ» តាមមាត្រា ៤៥៣ និង ៦២៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

គាត់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ នៅចំណតរថយន្តឈ្នួល ជ្រោយចង្វារ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៤។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបានសៀវភៅរបស់រណសិរ្សរំដោះជាតិខ្មែរ ដែលមានសរសេររៀបរាប់លម្អិត អំពីចលនារបស់រណសិរ្សរំដោះជាតិខ្មែរទស្សនវិន័យគោលបំណង និងទិសដៅចំនួនជាង ២៥០ ក្បាល ដែលមានចំណងជើងថា «កូន ៧ មករា» និងសៀវភៅឆ្លងដែនខ្មែរក្លែងក្លាយ ចំនួន ១ ក្បាលពីរូបគាត់។

នាពេលសវនាការកាលពីព្រឹកម្សិលមិញ ជនជាប់ចោទ ឈ្មោះ ហ៊ិន ចាន់ បានបដិសេធចំពោះការចោទប្រកាន់របស់តំណាងអយ្យការ ក៏ប៉ុន្តែបានសារភាពថាខ្លួនពិតជាសមាជិករបស់រណសិរ្សរំដោះជាតិខ្មែរ រស់នៅក្នុងប្រទេសថៃ ទទួលផ្នែកវេបសាយ និងផុសព័ត៌មាននៅក្នុងប្លុករបស់រណសិរ្សរំដោះជាតិខ្មែរ។

ហ៊ិន ចាន់ បាននិយាយថា ខ្លួនបានចូលជា សមាជិកចលនារបស់រណសិរ្សរំដោះជាតិខ្មែរ ចាប់តាំងពីចលនានេះ មិនទាន់ត្រូវបានបង្កើតជាផ្លូវការនៅក្នុងឆ្នាំ ២០១២ មកម្ល៉េះ។ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៤ ខ្លួនបាននាំយកសៀវភៅ រណសិរ្សរំដោះជាតិខ្មែរ ជិត ២៦០ ក្បាល (សៀវភៅកូន ៧ មករា» ខាងលើពីប្រទេសថៃ មករាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្លងកាត់ តាមច្រកជាំសាង៉ាំ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។

ហ៊ិន ចាន់ បានបញ្ជាក់ថា គោលបំណងក្នុងការយកសៀវភៅមកកម្ពុជានេះ គឺដើម្បីធ្វើការចែកចាយឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីគោលនយោបាយ និងកម្មវិធីសំខាន់ៗរបស់រណសិរ្សរំដោះជាតិខ្មែរ។ ក៏ប៉ុន្តែ មិនទាន់បានចែកចាយផង ខ្លួនក៏ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនតែម្តង ខណៈពេលកំពុងជិះតាក់ស៊ីមកដល់រាជធានីភ្នំពេញ។

ហ៊ិន ចាន់ បានសំណូមពរឲ្យតុលាការមេត្តាលើកលែងការចោទប្រកាន់ និងដោះលែងខ្លួនឲ្យមានសេរីភាពឡើងវិញ។

លោក សំ សុគង មេធាវីការពារក្តីឲ្យជនជាប់ចោទឈ្មោះ ហ៊ិន ចាន់ បានថ្លែងថា ទោះបីកូនក្តីរបស់លោក បានចូលជាសមាជិក របស់រណសិរ្សរំដោះជាតិខ្មែរក៏ដោយ ក៏ប៉ុន្តែពុំមានភ័ស្តុតាងជាក់លាក់ ណាមួយ ដែលបង្ហាញថា កូនក្តីរបស់លោករួមគំនិតក្បត់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នឬបានក្លែងឯកសារសាធារណៈ ដូចការចោទប្រកាន់នោះឡើយ។

លោក សំ សុគង បានសំណូមពរឲ្យក្រុមប្រឹក្សាជំនុំជម្រះមេត្តាលើកការចោទប្រកាន់ និងដោះលែងកូនក្តីលោកឲ្យមានសេរីភាពវិញ។

ទោះយ៉ាងណា តំណាងអយ្យការលោក ហ៊ឹង ប៊ុនថន ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសន្និដ្ឋាន ដោយសម្រេចរក្សាការចោទប្រកាន់ចំពោះជនជាប់ចោទឈ្មោះ ហ៊ិន ចាន់ រក្សាទុកជាបានការដដែល និងស្នើឲ្យក្រុមប្រឹក្សាចៅក្រមជំនុំសម្រេចករណីនេះទៅតាមច្បាប់។

បន្ទាប់ពីបញ្ចប់សវនាការ ប្រធានចៅក្រមជំនុំជម្រះ លោក កោ វណ្ឌី បានសម្រេចលើកការប្រកាសសាលក្រមទៅធ្វើនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនេះ។

គួររំឭកថា កាលពីថ្ងៃទី១១ ខែ មេសា ២០១៤ មានមនុស្ស ១៤ នាក់ ក្នុងនោះមានខ្មែរកម្ពុជាក្រោមផងដែរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោស ដោយផ្ទាល់ និងកំបាំងមុខនិងផ្តន្ទាទោសពួកគេដាក់គុកម្នាក់ៗចន្លោះពី ៥ ទៅ ៩ ឆ្នាំពីបទ «រួមគំនិតក្បត់ជាតិ ជាប់ពាក់ព័ន្ធនឹងករណីបង្កើតចលនាប្រដាប់អាវុធនៃ «រណសិរ្សរំដោះជាតិខ្មែរ» ប្រព្រឹត្តកាលពីក្នុងចន្លោះឆ្នាំ ២០០៩ និងឆ្នាំ ២០១១៕

តាមដាអានព័ត៌មានរហ័សទាន់ចិត្ត@
(www.Khmerleadership.org)
(www.facebook.com/knlfnews?)

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership