បុរស​ម្នាក់​អំពាវនាវ​ឲ្យ​ទាហាន​ត្រៀម​ខ្លួន​ប្រឆាំង​រដ្ឋាភិបាល

Thu, 18 August 2016​ ទូច សុខា

ភ្នំពេញៈ ជាថ្មី​ម្តង​ទៀត​លោក សំ សុវណ្ណារ៉ា ដែល​អះអាង​ថា​ខ្លួន​ជា​អតីត​ទាហាន​កង​អន្តរាគមន៍​ប្រចាំ​​តំបន់​ព្រះវិហារ​បាន​ចេញ​មក​អំពាវនាវ​ឲ្យ​កងទ័ព​ប្រចាំ​ទិស​ទាំង​ ៤ របស់​​កម្ពុជា​ត្រៀម​ខ្លួន​ប្រយុទ្ធ​ជាមួយ​​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដែល​​លោក​ហៅ​ថា​ «របប​ ហ៊ុន សែន និង​យួន​ឈ្លានពាន» នៅ​ពេល​ឆាប់ៗ​។

A screen shot that was posted to social media yesterday featuring Som Sovanara (pictured) calling on security forces to be ready for a move against the government. Photo supplied

A screen shot that was posted to social media yesterday featuring Som Sovanara (pictured) calling on security forces to be ready for a move against the government. Photo supplied

កាលពី​ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ ២០១៦ ក្នុង​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​​ ២ នាទី​បង្ហោះ​​លើ​​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ Vichea Som លោក សំ សុវណ្ណារ៉ា និយាយ​ថា​ខ្លួន​ជា​អគ្គលេខាធិការ​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​ដាណឺម៉ាក​នោះ​បាន​អំពាវនាវ​ឲ្យ​មេទ័ព​ប្រចាំ​ទិស​ទាំង​បួន​បូករួម​នឹង​កងទ័ព​ដែល​លោក​ហៅ​ថា​កងកម្លាំង​ព្រះបាទ​ជ័យរវ្ម័ន​ទី ៧ ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​តតាំង​ជាមួយ​រដ្ឋាភិបាល​​កម្ពុជា។

លោក​ថា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រកាស​ជា​ចំហ​ក្នុង​ការ​​តតាំង​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោក​បន្ថែម​ថា៖ «ការ​ដែល​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រកាស​​ឲ្យ​មេទ័ព​ទាំង​បួន​ទិស​ត្រៀម​ប្រយុទ្ធ​ជាមួយ​របប​បែប​​ផ្តាច់ការ​ ហ៊ុន សែន ព្រោះ​រណសិរ្ស​រំដោះ​ជាតិ​​ខ្មែរ​មិន​អាច​ឈរ​ទ្រាំ​មើល​​លើ​ការ​ដឹកនាំ​ដដែលៗ​បែប​ផ្តាច់ការ​បំពាន​​លទ្ធិប្រជាធិបតេយ្យ ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ ការ​បិទបាំង​ការពិត​ករណី​ពលរដ្ឋ​ខ្មែរ​ដែល​​ត្រូវ​គេ​សម្លាប់​រឹបអូស​ដីធ្លី…ការ​បំផ្លាញ​ធនធាន​ធម្មជាតិ…យួន​​ដាក់​អាណា​និគម​បែប​ថ្មី​មក​លើ​ប្រទេស​ខ្មែរ​»​។

លោក សុវណ្ណារ៉ា បាន​ទុក​រយៈពេល​ ៣០ ​ថ្ងៃ​​ដោយ​ទំនង​ជា​គិត​ចាប់​ពី​ថ្ងៃ​អំពាវនាវ​នេះ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​សមាជិក​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំ សកម្មជន​បក្ស​ប្រឆាំង និង​បញ្ចេញ​​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្តាម៉ាត​ដែល​​លោក កែម ឡី​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​​។​ ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​​ជាមួយ​រណសិរ្ស​របស់​លោក​ដោយ​ថា​ដើម្បី​បាន​គេច​ផុត​ពី​គ្រោះ​មហន្តរាយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាតិ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ទង្វើ​នេះ​ជា​អំពើ​វិទ្ធង្សនា​មាន​ចេតនា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។ បើ​តាម​លោក​ សុជាតិ មន្ត្រី​ជំនាញ​របស់​ក្រសួង​ការពារ​ជាតិ​បាន​ធ្វើការ​តាមដាន និង​ស្វែងរក​លោក សំ សុវណ្ណារ៉ា តាំងពី​​ថ្ងៃ​ដែល​គាត់​​បាន​ចេញ​អំពាវនាវ​បែប​នេះ​លើក​ដំបូង​មក។

ទោះ​យ៉ាង​ណា​លោក​ថា​រហូត​​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​បាន​តម្រុយ​ណា​មួយ​ពី​​បុរស​នេះ​នៅ​ឡើយ​។​

លោក​​បន្ថែម​ថា៖ «អំពើ​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់​ជា​អំពើ​វិទ្ធង្សនា ភេរវកម្ម​មួយ​ដែល​​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មិន​គាំទ្រ​ទេ…អ៊ីចឹង​អំពើ​នេះ​ជា​អំពើ​ខុស​​ច្បាប់​យើង​កំពុង​តែ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ហើយ …​»។

លោក​ សុជាតិ ក៏​ចាត់​ទុក​ការ​អំពាវនាវ​នេះ​ថា​ជា​អំពើ «ឆ្កួត ឡប់ លីលា»​ និង​ថា​កងទ័ព​នឹង​​​មិន​ធ្វើ​តាម​​ការ​អំពាវនាវ​នេះ​ទេ​ដោយ​ថា​កងទ័ព​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល​ស្រប​ច្បាប់​។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក មាស នី បាន​ថ្លែង​​ថា​ដំណោះស្រាយ​បញ្ហា​សម្រាប់​កម្ពុជា​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​នោះ​ទេ​ដោយ​លោក​ថា​អំពើ​ហិង្សា​ប្រដាប់​អាវុធ​អាច​នាំ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ខ្លួន​ក្រ និង​ការ​អភិវឌ្ឍ​​ដើរ​ថយ​ក្រោយ​។ លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​រៀបចំ​ការ​បោះឆ្នោត​មួយ​​ដោយ​សេរី និង​យុត្តិធម៌​ដែល​លោក​ថា​ចំណុច​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សុខ​សប្បាយ។

គួរ​បញ្ចាក់​ថា​កាលពី​ថ្ងៃ​ទី ១៧ ខែ​កក្កដា​ឆ្នាំ ២០១៦ លោក សុវណ្ណារ៉ា បាន​អំពាវនាវ​ឲ្យ​កងទ័ព​ក្រោក​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ម្តង​រួច​មក​ហើយ​ប៉ុន្តែ​កាលពី​ថ្ងៃ​ទី ២១ ខែ​កក្កដា​ លោក​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​​ពី​ក្រៅ​ប្រទេស​មក​ថា​ លោក​មិន​មាន​បំណង​ធ្វើ​រដ្ឋប្រហារ​អ្វី​នោះ​ទេ​ដោយ​ថា​គ្រាន់តែ​លោក​ធ្វើការ​អំពាវនាវ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ និង​​មាន​សន្តិភាព​ពិតប្រាកដ​ប៉ុណ្ណោះ៕

ប្រភពដើម៖ ភ្នំពេញ ប៉ុស្ដិ៍

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership