មេបញ្ជាការតំប​ន់ប្រាសាទព្រះវិហារទទួលស្គាល់ថា ជនប្រកាសផ្តួលរំលំរាជរដ្ឋាភិបាល ធ្លាប់ជាកូនទាហានក្រៅក្របខណ្ឌ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ស្រី ឌឹក នាយរងសេនាធិការចម្រុះ និង ជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំនៅតំបន់ប្រាសាទព្រះវិហារ នៅថ្ងៃទី២៣ ខែកក្កដានេះ បានទទួលស្គាល់ថា VP9 ជនប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញសង្គមនោះ គឺជាអតីតទាហានក្រៅក្របខណ្ឌ នៅប្រាសាទព្រះវិហារ ដែលត្រូវបានអង្គភាពបណ្តេញចេញ។

Sovanara (12)ការអះអាងរបស់នាយទាហានរូបនេះ បានធ្វើឡើងបន្ទាប់ពី VP9 បានចេញមុខប្រកាសអំពីអត្តសញ្ញាណរបស់គេថា រូបគេគឺជាអតីតទាហានម្នាក់ នៅប្រាសាទព្រះវិហារដែលមានឈ្មោះ សោម សុវណ្ណារ៉ា។ នៅក្នុងវីដេអូជាង៥នាទី ដែលបង្ហោះនៅលើបណ្តាញសង្គម Facebook , បុរសដែលដាក់រហ័សនាមខ្លួនឯងថា VP9 បានអះអាងថា «ថ្ងៃនេះខ្ញុំបាទសូមប្រកាសខ្លួនថា ខ្ញុំបាទជាអតីតទាហានប្រចាំកងពលអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ កាន់ខាងការិយាល័យវិស្វកម្មកុំព្យូទ័រដែលជាអ្នកគ្រប់គ្រង លើបណ្តាឯកសារផ្សេងៗ»

លោកឧត្តមសេនីយ៍ ស្រី ឌឹក បានប្រាប់ Fresh News តាមទូរស័ព្ទថា ជនដែលប្រកាសធ្វើរដ្ឋប្រហារធ្លាប់បានទៅសុំចូលបម្រើកងទ័ពនៅព្រះវិហារ កាលពីចុងឆ្នាំ២០១១ ប៉ុន្តែមិនទាន់ទាំងបានក្របខណ្ឌផង ជននោះត្រូវបានអង្គភាពបណ្តេញចេញ ដោយសារតែមានការពាក់ព័ន្ធនឹងការលួចលុយ និងទ្រព្យសម្បត្តិអង្គភាព ប្រមាណ៤ ទៅ៥ខែ ក្រោយសុំចូលធ្វើការ។

លោកថា «នៅឆ្នាំ២០១១ចុងឆ្នាំ គាត់មកសុំធ្វើកងទ័ពនៅអូរទឹកខៀវ ឮថានៅក្នុងកងវិស្វកម្ម ហើយដោយអង្គភាពគេឃើញវាចេះកុំព្យូទ័រ គេក៏ឱ្យវាទៅជួយការងារកុំព្យូទ័រ ប៉ុន្តែមិនទាន់បានបំពេញ ក្របខណ្ឌត្រឹមត្រូវទេ បានន័យថាចូលក្នុងរយៈពេលមិនដល់កន្លះឆ្នាំទេ ប្រហែលជា៤ ទៅ៥ខែប៉ុណ្ណឹងទេ នៃការចូលបម្រើកងទ័ព»

លោកបានបន្ថែមថា «យើងត្រៀមរៀបចំបែបបទ ឱ្យគាត់ចូលធ្វើការពេញក្របខណ្ឌឱ្យបានច្បាស់លាស់ហើយ ប៉ុន្តែទាស់គាត់មានបញ្ហាខ្លះបានន័យថា វិន័យ សីលធម៌អត់ល្អ អាហ្នឹងជាបញ្ហាមួយ។ ខ្ញុំទទួលរបាយការណ៍ថា គាត់នោះលួចលុយគេ ជាង៣៦ម៉ឺនរៀលដែលជាប្រាក់យោធិន ហើយនាយការិយាល័យបាន ហៅគាត់មកអប់រំម្តងហើយម្តងទៀត ប៉ុន្តែគាត់មិនកែ»។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ បុរសម្នាក់ដែលអះអាងថា រូបគេមានរហ័សនាមថា VP9 ស្ថិតនៅក្នុងអង្គភាពទិសនិរតី បានចេញមុខប្រកាសជាលក្ខណៈចំហរតាមបណ្តាញសង្គម Facebook និង Youtube ដោយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័ននានា ត្រៀមខ្លួនចូលរួម ផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលដ៏ខ្លីខាងមុខនេះ។

បុរសដែលមានរូបរបស់ខ្លួនជាច្រើនសន្លឹកនៅក្នុងគណនី Facebook ឈ្មោះ « Vichea Som» ហើយមានទាំងរូបគេស្លៀកពាក់យោធា ជាមួយក្រុមយោធានោះ បានថ្លែងការណ៍តាមវីដេអូរបស់ខ្លួនថា «យើងខ្ញុំតំណាងឱ្យ អង្គភាពភូមិភាគទិសនិរតី សូមប្រកាសព័ត៌មានដល់បណ្តាអង្គភាព និងក្រសួងទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ សូមកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនឱ្យបានមុនជាស្រេច ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន និងយួនកុម្មុយនីស្ត»

អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងការពារជាតិ បានថ្កោលទោសចំពោះការប្រកាសជាចំហរនេះ ហើយអះអាងថា ការប្រកាសបែបនោះ គឺជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ហើយការប្រកាសបែបនោះ គឺមានលក្ខណៈញុះញ៉ុង និងមានចរិតជា លក្ខណៈកុប្បកម្ម បះបោដោយហិង្សា ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់៕

ប្រភពដើមៈ www.freshnewsasia.com

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership