រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ស្វែង​រក​ជំនួយ​ពី​អន្តរជាតិ​ជុំវិញ​រឿង​ក្ដី​ផ្ដួល​រំលំ​រដ្ឋាភិបាល

រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណាម៉ាក (Denmark) កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ  និង​អង្គការ​សហប្រជាជាតិ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​សមាជិក​របស់​ខ្លួន​ចំនួន ១៣​នាក់ ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំទៅ ៩​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់​​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុង​ចំណោម​អ្នក​ជាប់​ទោស​ទាំង ១៣​នាក់​នោះ រួម​មាន​ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក សម សេរី ដែល​តុលាការ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ៩​ឆ្នាំ​ផង​ដែរ។
 ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក សម សេរី គ្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដាណាម៉ាក ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដាណាម៉ាក ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា ដោះលែង​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ក្បត់ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ លោក​ក៏​មាន​គម្រោង​ជួប​ជាមួយ​តំណាង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ក្នុង​រឿង​ដូច​គ្នា​នេះ​ដែរ។

លោក សម សេរី បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​ដាណាម៉ាក កាល​ពី​ថ្ងៃ​អង្គារ ទី​២២ ខែ​មេសា ថា ប្រការ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​សមាជិក ១៣​នាក់​របស់​រណសិរ្ស​លោក​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ៩​ឆ្នាំ គឺ​ជា​អំពើ​យុត្តិធម៌។ លោក​បន្ត​ថា សាលក្រម​ដាក់​ទោស​នេះ គឺ​ស្ថិត​ក្នុង​សម្ពាធ​នយោបាយ ពីព្រោះ​តុលាការ​គ្មាន​ភស្តុងតាង​ដាក់​បន្ទុក​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ឡើយ។

លោក សម សេរី៖ «ខ្ញុំ​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដាណាម៉ាក។ ខ្ញុំ​ទើបតែ​ដាក់​សំបុត្រ​ទៅ​ខាង​រដ្ឋមន្ត្រី​ហ្នឹង តែ​នៅ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ ប៉ុន្តែ​ខ្ញុំ​មាន​គម្រោង​ជួប​នេះ គឺ​ថា​និយាយ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​ស្រុក​ខ្មែរ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ស្នើ​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ដាណាម៉ាក ជួយ​រក​វិធី​ដោះស្រាយ​ឲ្យ​សមាជិក​ទាំង​អស់​មាន​សេរីភាព​ឡើង​វិញ»

លោក សម សេរី គូស​បញ្ជាក់​ថា សមាជិក​របស់​ក្រុម​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទៅ​នឹង​ច្បាប់​កម្ពុជា និង​ច្បាប់​អង្គការ​សហប្រជាជាតិ​ឡើយ។ ការ​ចែកចាយ​សៀវភៅ និង​ខិត្តប័ណ្ណ គឺ​ធ្វើ​ឡើង​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​ទី​៤១ ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​ចែង​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ សមាគម និង​គណបក្ស​នយោបាយ​ជាដើម។

លោក សម សេរី៖ «តុលាការ​ក្រុង​ភ្នំពេញ កា​ត់​ទោស​ហ្នឹង វា​អយុត្តិធម៌​សំរាប់​ខ្ញុំ​និង​សមាជិក​របស់​ខ្ញុំ ពីព្រោះ​ថា ពួក​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ខ្ញុំ​បាន​អះអាង​ម្តង​ហើយ​ម្ដង​ទៀត​ថា រណសិរ្ស​របស់​យើង​ខ្ញុំ​នេះ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ និង​ទីក្រុង​ប៉ារីស អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​នឹង​ទាមទារ​លើ​ឆាក​អន្តរជាតិ​រក​ការ​គាំទ្រ​ដើម្បី​ដាក់​សម្ពាធ​លើ​របប​ហ្នឹង​ឲ្យ​មាន​ការ​ដោះលែង​ជន​រង​គ្រោះ…»

​កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤  សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជន​ជាប់​ចោទ ១៣​នាក់ ពី​បទ​រួម​គំនិត​ក្បត់​តាម​មាត្រា ៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​ចំណោម​ជន​ជាប់​ចោទ ១៣​នាក់ ដែល​ត្រូវ​ផ្តន្ទាទោស​នោះ ៧​នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ និង ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ផ្តន្ទាទោស​កំបាំង​មុខ។

មុន​ការ​កាត់​ទោស​មួយ​ថ្ងៃ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​បទ​ចោទ​ប្រកាន់​នោះ ដោយសារ​តែ​ពុំ​មាន​ភស្តុតាង​គួរ​ឱ្យ​ជឿ​បាន ហើយ​បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ជន​ទាំង ១៣​នាក់​នោះ​ពី​បទ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៕

ព័ត៌មានដើមៈ វិទ្យុអាស៊ីសេរី

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership