រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ថ្កោលទោស​សមត្ថកិច្ច​រាជធានី​ ដែល​ប្រើ​ហិង្សា​លើ​សមាជិក​ខ្លួន​​

​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ថ្កោលទោស​សមត្ថកិច្ច ដោយ​ចោទ​ថា​បាន​ប្រើ​ហិង្សា​មក​លើ​សមាជិក​របស់​ខ្លួន ខណៈ​ពួកគេ​ដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម ដែល​ថ្លែង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​។​

លិខិត​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ អះអាងថា មាន​សមាជិក​របស់​ខ្លួន​ចំនួន​៣​នាក់ រង​របួសស្រាល ខណៈ​ពួកគេ​ដាក់​លិខិត​ជូនដំណឹង​ទៅ​អភិបាល​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ចន្ទ​ម្សិលមិញ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤​។ បាតុកម្ម​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៤​រសៀល ដោយ​មាន​អ្នកចូលរួម ២០០​នាក់ និង​មាន​ការ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​កាន់​បណ្តា​ស្ថានទូត​ប្រទេស​ ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ទាំង​១៩​ប្រទេស​។

​សមាជិក​គណៈកម្មការ និង​ជា​តំណាង​នៃ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​លោក ឈឹម ស្ម័គ្រ យល់ថា សមត្ថកិច្ច​ប្រើ​ប្រ​ហិង្សា​មក​លើ​សមជិក​របស់ខ្លួន គឺជា​ការ​បំបិទ​សិទ្ធិសេរីភាព និង​អយុត្តិធម៌​បំផុត​។ លោក​បន្តថា ទោះជា​យ៉ាងណា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ប្រកាន់​ជំហរ​ធ្វើបាតុកម្ម​តាម​ការគ្រោងទុក ទោះជា​សាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​។ លោក​បញ្ជាក់ថា «​ការយល់​ របស់ខ្ញុំ គឺ​វា​ធ្វើ​អំពើ​អយុត្តិធម៌​មិន​ត្រឹមត្រូវ​ទេ គឺ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ដល់​ធ្ងន់ធ្ងរ​ទៅហើយ ព្រោះ​ថា​យើងខ្ញុំ​នេះ​មិន​មាន​គោលបំណង​ទៅ​ធ្វើ​បាតុកម្ម​ឯណា​គ្រាន់​ទៅ​សុំ ​អនុញ្ញាត​ដាក់​ញត្តិ​ប៉ុណ្ណោះ ប៉ុន្តែ​សមត្ថកិច្ច​គេ​រំលោភ​បំពាន​លើ​ពួក​ខ្ញុំ ដោយ​មិន​គោរព​សិទ្ធិមនុស្ស​ធ្វើ​ឲ្យ​យើងខ្ញុំ​ឈឺចាប់​»​។​

​លោក ឈឹម ស្ម័គ្រ បញ្ជាក់ថា បាតុកម្ម​នេះ​លើក​នេះ​គឺ​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​បញ្ឈប់​ការបំពាន​លើ​ ទឹកដី​កម្ពុជា​បច្ចុប្បន្ន តាមរយៈ​បំលាស់​ទី​ខុស​ច្បាប់​របស់​ជនអន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​បង្កចលាចល​ក្នុង​ទឹកដី​កម្ពុជា និង​ការ​ដាក់​ពង្រាយ​ជនជាតិ​វៀតណាម ក្នុងតួនាទី​មុខងារ​សាធារណៈ​ដើម្បី​គ្រប់គ្រង​ទឹកដី​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ឲ្យដឹងថា ការប៉ះទង្គិច​កម្រិត​ស្រាល​នោះ កើតឡើង​ដោយសារ​ភ័យ​ជ្រួលច្របល់​មួយ ខណៈ​ដែល​ជន​ឆ្លៀត​ឱកាស​មួយ​ក្រុម បាន​ចូលមក​ក្នុង​ចំណោម​ពលរដ្ឋ​ជម្លោះដីធ្លី និង​ស្រែក​ប្រកាស​បាតុកម្ម​ថ្ងៃទី​២៣ តុលា​។  ទោះជា​យ៉ាងណា​លោក​អះអាង​ថា សាលា​រា​ធានី​មិន​ធ្វើការ​មួយ​អង្គការ​ណា​ដែល​មិន​ស្របច្បាប់ ឬ​មិន​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ឡើយ​។ លោក​បន្ថែមថា «​ខ្ញុំ​អត់​ ដឹង​ទេ ប្រសិន​មាន​ការទទួលស្គាល់​ត្រឹមត្រូវ​ពី​ក្រសួងមហាផ្ទៃ មាន​ការចុះបញ្ជី​ជា​អង្គការ​ត្រឹមត្រូវ ជា​សមាគម យើង​ទទួល​ស្គាល់​។ បើ​មិន​មាន​ការទទួលស្គាល់​ពី​ក្រសួង​មហាផ្ទៃ​ទេ គឺជា​ជន​ខុសច្បាប់ ជា​ក្រុម​ខុសច្បាប់ ហើយ​ប្រយ័ត្ន​ឡើង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។​

​លោក ឈឹម ស្ម័គ្រ ឲ្យដឹងថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មិនមែន​ជា​អង្គការ​ទេ គ្រាន់តែ​ជា​និស្សិត​មួយក្រុម បង្កើតឡើង​ក្នុង​ឆ្នាំ​២០១២ ដើម្បី​តស៊ូ​មតិ និង​រក​យុត្តិធម៌​ជូន​សង្គម​ប៉ុណ្ណោះ ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។​

​គួររំឭកថា ប្រជាពលរដ្ឋ និស្សិត បញ្ញវន និង​ព្រះសង្ឃ​ខ្មែរ បាន​ចេញ​ធ្វើ​បាតុកម្ម​ជា​ញឹកញាប់ ដើម្បី​ឲ្យ​អ្នកនាំពាក្យ​សា្ថ​ន​ទូត​វៀតណាម​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ការ​ថ្លែង​របស់​ខ្លួន​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​ដូនតា​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនោះ នៅតែ​មិន​សុំទោស​៕

ព័ត៌មានដើមៈ vodhotnews.com

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership