សកម្មជន​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​នាក់​ត្រូវបាន​បញ្ជួន​ទៅ​ឃុំខ្លួន​នៅ​ពន្ធធនាគារ​ព្រៃ​ស​​

ស្តាប់សំឡេង៖​

ចម្លងទុក

សកម្មជន​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​នាក់ ដែល​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ ចាប់ខ្លួន ករណី​ចោទ​ពី​បទ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន ។​
​សមត្ថកិច្ច​បាន​ចាប់ខ្លួន ក្រោម​បទ​ចោទ​ពី​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ពួកគេ​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។​

​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សុ​វេត ឲ្យ​VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ នេះ​ថា សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួនសកម្មជន​១០​នាក់ យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ខណៈ​នេះ​អង្គការ​របស់​លោក​កំពុង​ស្រាវជ្រាវ​ដើម្បី​ផ្តល់​មេធាវី​ការពារ​ដល់ ​ជន​ទាំងនោះ ។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរតែ​ស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ចាប់​ឃុំខ្លួន​មនុស្ស​ម្នាក់ៗ។​ លោក​មាន​ប្រសាសន៍​ថា «ព្រោះ​ថា អ្នក​ដែល​បាន​ចាប់​ខ្លួន​ថ្មីៗនេះ​យើង​មើល​ឃើញ​ហាក់​បី​ដូច​ជា អ្នក​ទាំងអស់​ហ្នឹង មិន​មែន​ជា​មនុស្ស​ដែល​អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់ ក្នុង​ការ​ទៅ​ប្រព្រឹត្ត​រឿង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ នេះ​គ្រាន់​ជា​អ្នក​ស្នេហាជាតិជាដើម​។ អ៊ី​ចឹង​សកម្មភាព​នៃ​ការធ្វើ ថាតើ​ពួក​គេ​បាន​ធ្វើ​អី​ខ្លះ ក្នុង​ការ​ដែល​យើង​យក​ធ្វើ​ជា​ភស្តុតាង​ ហើយ​មួយ​ទៀត យើង​ចង់​ឲ្យ​មាន ការ​គោរព​គោល​ការណ៍​ច្បាប់​ជា​មូល​ដ្ឋាន ជាពិសេសសិទ្ធិ​ជន​ជាប់​ចោទ ត្រូវ​ឲ្យ​គេ​ជួប​ក្រុម​គ្រួសារ ត្រូវ​តែ​គេ​ដឹង​ពី​អ្វី​ដែល​គេ​ចោទ​ប្រកាន់​ ត្រូវ​ឲ្យ​គេ​មាន​មេធាវី​ជាដើម​»។

VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ខៀវ សុភ័គ បានទេ ខណៈ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ​លោក ម៉ក់ ជី​តូ អះអាង​ថា​ជាប់រវល់​ប្រជុំ ។​

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម លោក សួន ប៊ុនស័ក្ត មានប្រសាសន៍ថា ការប្រើ​ឈ្មោះថា​ក្រុម​រណសិរ្ស​រំដោះជាតិ​នេះ គឺជា​ឈ្មោះ​មួយ​ដែល​នាំ​គ្រោះថ្នាក់ បង្ករ​ភាពចលាចល​ក្នុងសង្គម ខណៈ​អ្នកកាន់អំណាច​បច្ចុប្បន្ន គេ​មិន​គាំទ្រ​ឲ្យមាន​ក្រុម​តវ៉ា​ទាមទារ​សិទ្ធិ​អ្វី​នោះទេ​។ លោក​បន្តថា ការបង្កើត​ក្រុម​នេះ ហើយ​នាំឲ្យ​មាន​ការចាប់ខ្លួន អាច​ជា​នយោបាយ​របស់​ក្រុម​ណាមួយ​ដែល​ចង់​គំរាម ឬ​បំបាក់ស្មារតី​ដល់​ក្រុម​អ្នក​ដែល​តវ៉ា​ដោយ​សន្តិវិធី ។​

​សេចក្តីអំពាវនាវ​ចុះ​ថ្ងៃទី​០៩ ខែ​កញ្ញា របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ (​រ​.​ស​.​រ​.​ជ​.​ខ​) ឲ្យចូល​រួម​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ នេះ​គឺ​បាន​សរសេរ​បាវចនារ​បស់​គេ​ថា ជាតិ សាសនា ប្រជាជាតិ​ខ្មែរ​។ ខិតប័ណ្ណ​នោះបាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​ទាំងអស់​ក្រោក​ឡើង​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​នេះ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១ និង​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​។​

​ក្នុង​សេចក្តីអំពាវនាវ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ បាន​ចោទ​ប្រទេស​វៀតណាម និង​របប​ដឹកនាំ​របស់​លោក​ហ៊ុន សែន ថា​ជា​របប​ផ្តាច់ការ និង​បាន​រំលោភ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​មិន​ដក​កងទ័ព​វៀតណាម​ចេញពី​ប្រទេស​ខ្មែរ តែ​បែរជា​បញ្ជួន​កងទ័ព​ចូល​មក​កម្ពុ​ជាវិញ​។ រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ក៏​ចោទថា ការបោះ​ឆ្នោត​មិន​ត្រឹមត្រូវ ហើយ​ការ​ចុះសន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ នាំឲ្យ​មាន​ការរំលោភ​បូរណភាព​ទឹកដី​ខ្មែរ​តាម​ព្រំដែន តាមរយៈ​ការបោះបង្គោល​ព្រំដែន​ថ្មី​៕

សូម​សរសេរ​មក​កាន់​កញ្ញា ជន ស្រី​ណុ​ច​​ តាម​រយៈ chornsreynoch@vodhotnews.com

http://vodhotnews.com/25088

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership