សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ១០ នាក់​ត្រូវ​ចាប់​ខ្លួន

ភ្នំពេញៈសមត្ថកិច្ច​កាល​ពី​យប់​ថ្ងៃ​ពុធ​និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ១០ នាក់​ដែល​ជា​សមាជិក​នៃ​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចលនា​ខុស​ច្បាប់ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​សេចក្តី​អំពាវ​នាវ​របស់​រណសិរ្ស​នេះ និង​លិខិត​អញ្ជើញ​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វៀតណាម និង​មួក​ស្លឹក​ត្នោត​ដែល​មាន​ស្លាក «រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ»។

លោក​ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​កាល ពី​ម្សិល​មិញ​ថា បុរស​ទាំង ១០ នាក់​នេះ គឺជា​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ជា​ចលនា​ខុស​ច្បាប់​ដែល​ត្រូវ​បាន​បង្កើត និង​ដឹក​នាំ​ដោយ​ឈ្មោះ សម សេរី សព្វ​ថ្ងៃ កំពុង​រស់​នៅ​លាក់​ខ្លួន​នៅ​ក្នុង ប្រទេស​ដាណឺម៉ាក។ លោក​បាន​បន្ថែម​ថា៖ «សមត្ថកិច្ច ទាំង​អាវុធហត្ថ និង​នគរបាល បាន​ធ្វើ​ការ​ស្រាវជ្រាវ​និង​តាម​ដាន​សកម្មភាព​របស់​ក្រុម​សង្ស័យ​ខាង​លើ​នេះ ជា​យូរ​មក​ហើយ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ពួក​គេ​ជា​បន្ត​បន្ទាប់​បាន​ចំនួន ១០ នាក់ នេះ»។

កាល​ពី ខែ​មេសា សាលា​ដំបូង​រាជធានី បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​លោក សម សេរី ដែល​កំពុង​រស់​នៅ​ក្នុង ប្រទេស​ដាណឺម៉ាក ជាប់​ពន្ធនាគារ ៩​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្កើត​ចលនា​ប្រដាប់​អាវុធ​ដោយ​ខុស​ច្បាប់​មាន​បំណង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល។ បច្ចុប្បន្ន​មាន​សមាជិក​ចលនា​នេះ​ចំនួន ១៣ នាក់​កំពុង​ជាប់​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់​ជាតិ»។ ប៉ុន្តែ​លោក សម សេរី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​បាន​អះអាង​ថា ក្រុម​របស់​ខ្លួន​គ្មាន​អាវុធ និង​មិន​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ឡើយ។

លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី លោក ជួន ណារិន្ទ ស្នងការ​រង និង​លោក គៀត ច័ន្ទថារិទ្ធិ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ មិន​អាច​ទាក់​ទង សុំ​អធិប្បាយ​បាន​ទេ ដោយ​សារ​ទូរស័ព្ទ​របស់​ពួក​លោក​ពុំ​មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា មន្ត្រី​នគរបាល​ផ្នែក​ចារកម្ម​រាជធានី​ភ្នំពេញ​ម្នាក់ ដែល​សុំ​មិន​ឲ្យ​ប្រើ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង ១០ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​គឺជា​សកម្ម​ជន​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មាន​មេ​ដឹក​នាំ​ត្រឹម​ត្រូវ​ពី​ខាង​ក្រៅ​ប្រទេស ហើយ​បាន​រៀបចំ​គម្រោង​ជួប​ជុំ នៅ​មុខ​ស្ថានទូត​វៀតណាម ដោយ​មាន​គម្រោង​ធ្វើ​ការ​អុកឡុក និង​បង្ក​អំពើ​ហិង្សា នៅ​ព្រឹក​ថ្ងៃ ទី២៣ ខែ​តុលា តាម​រយៈ​សេចក្តី​អំពាវនាវ​របស់​ពួក​គេ ខណៈ​ពេល​ដែល​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​តែ​ប្រារព្ធ​ពិធី​រំឭក​ខួប​ទិវា​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស ២៣ តុលា និង​បាន​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​រដ្ឋ​សំខាន់ៗ និង​តាម​ស្ថានទូត​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ ៥ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ សង្កាត់​បឹង​កេងកង ទី១ ខណ្ឌ​ចំការមន កាល​ពី​យប់​ថ្ងៃ​ពុធ និង ៥ នាក់​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង សង្កាត់​បឹង​រាំង ខណ្ឌ​ដូនពេញ កាល​ពី​ព្រឹក​ម្សិល​មិញ។ នៅ​ពេល​ឃាត់​ខ្លួន សមត្ថកិច្ច រឹប​អូស​បាន វត្ថុតាង មាន​សេចក្តី​អំពាវ​នាវ​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម លិខិត​អញ្ជើញ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ និង​មួក​សម្រាប់​ពាក់​ធ្វើ​បាតុកម្ម​មួយ​ចំនួន។

ជន​សង្ស័យ​ទាំង ១០ នាក់​ដែល​សុទ្ធ​តែ​បុរស​មាន​ឈ្មោះ ឈុន ណាគង់ អាយុ ២៨​ឆ្នាំ មុខ​របរ​គ្រូប​ង្រៀន លីវ យី អាយុ ២៩ ឆ្នាំ មុខ​របរ​កសិករ​និង​ធ្វើ​សំណង់ ឈុន ឆាត អាយុ ២៩ ឆ្នាំ មុខ​របរ​កម្មករ​នៅ ប្រទេស​ថៃ ច្រាញ់ ម៉ុច អាយុ ២៤ ឆ្នាំ មុខ​របរ និស្សិត​ឆ្នាំ ទី៣ ផ្នែក​រដ្ឋបាល នៅ​សាកល​វិទ្យាល័យ​បាត់ដំបង ឡាត់ លីហេង អាយុ ២២ ឆ្នាំ មុខ​របរ​កសិករ ឆាយ វ៉ិច អាយុ ៤០​ឆ្នាំ មុខ​របរ​ជា​គ្រូ​បង្រៀន ឈឹម ស្ម័គ្រ អាយុ ៥៧​ឆ្នាំ មុខ​របរ​កសិករ ចាន់ រ៉ា អាយុ ២៣ ឆ្នាំ មុខ​របរ​កសិករ អាន ចាន់ អាយុ ៣៥ ឆ្នាំ មុខ​របរ​កសិករ និង ចាន់ ស្នា អាយុ ២៧​ឆ្នាំ មុខ​របរ​កសិករ។

មន្ត្រី​នគរបាល​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ជន​សង្ស័យ​ទាំង ១០ នាក់​នេះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់»។

យោង​តាម​សេចក្តី​អំពាវ​នាវ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ចុះ​ហត្ថលេខា ដោយ ឈ្មោះ សម សេរី ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ច្បាប់​ចម្លង ១ ច្បាប់ បាន​សរសេរ​ថា៖ «រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ក្រោម​ទាំង​អស់​ក្រោក​ឡើង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​ខ្មែរ នៅ​ថ្ងៃ ទី២៣ ខែ​តុលា ២០១៤ ដើម្បី​ទាមទារ​ឲ្យ ប្រទេស​វៀតណាម គោរព​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ​១៩៩១ និង​ទទួល​ស្គាល់​ប្រវត្តិសាស្រ្ត​ពិត»។

សេចក្តី​អំពាវ​នាវ​នោះ​បាន​បន្ថែម​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ យល់​ឃើញ​ថា «ប្រទេស​វៀតណាម និង​របប​ផ្តាច់​ការ ហ៊ុន សែន បាន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស» រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ និង​អយុត្តិធម៌ បង្កើត​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ដែល​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​ទឹក​ដី​ខ្មែរ​ពី​សំណាក់ ប្រទេស​វៀតណាម តាម​រយៈ​ការ​បោះ​បង្គោល​ព្រំដែន​ថ្មី ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ និង​ការ​រឹប​អូស​យក​ដីធ្លី ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ តាម​រយៈ​ក្រុម​ហ៊ុន​បរទេស និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ តាម​រយៈ​ផ្តល់​ដី​ឲ្យ​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​រយៈ​ពេល ៩៩ ឆ្នាំ។ល៕
http://www.postkhmer.com/

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership