សាច់ញាតិ​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រតិកម្ម​នឹង​មន្ត្រី​គុក​ព្រៃស

ក្រុម​គ្រួសារ​នៃ​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​បាន​ប្រតិកម្ម​ចំពោះ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដែល​បាន​បដិសេធ​មិន​ឲ្យ​ពួកគេ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទាំង​នោះ​នៅ​ក្នុង​ពន្ធនាគារ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​កំពុង​ផ្ដល់​មេធាវី​ដើម្បី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ទាំង​នោះ។

ក្រុម​គ្រួសារ​របស់​ជន​ជាប់​ចោទ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ​រៀប​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ក្រុម​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ កំពុង​ព្រួយ​បារម្ភ​ពី​សុខទុក្ខ​របស់​ជន​ជាប់​ចោទ​ទាំង​នោះ​នៅ​ក្នុង​ពេល​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។

កាល​ពី​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែ​តុលា រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​មនុស្ស ១០​នាក់ នៅ​រាជធានី​ភ្នំពេញ ដាក់​ពន្ធនាគារ​ដែល​ជាប់​ទាក់ទង​នឹង​បទ​ចោទ​ចូលរួម​ក្នុង​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អ្នកស្រី ហិន សៅរី ជា​ភរិយា​របស់​ជន​ជាប់​ចោទ ប៉ូយ ធឿន បាន​ថ្លែង​ថា នាង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដែល​បាន​រឹត​បន្តឹង​មិន​ឲ្យ​អ្នកស្រី​និង​កូន​ចូល​ជួប​ស្វាមី​គាត់​នៅ​ថ្ងៃ​ទី​២៨ តុលា។ អ្នកស្រី​បន្ត​ថា មន្ត្រី​សន្តិសុខ​ពន្ធនាគារ​បាន​ទារ​រក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​ដើម្បី​បញ្ជាក់ ប៉ុន្តែ​ដោយ​ផ្ទះ​គាត់​នៅ​ខេត្ត​បាត់ដំបង មិន​បាន​ដាក់​ឯកសារ​ទាំង​នេះ​មក​នោះ​ទេ។

អ្នកស្រី ហិន សៅរី៖ «ខ្ញុំ​យល់​ថា គាត់​ធ្វើ​អ៊ីចឹង​ពិត​ជា​មិន​ត្រឹមត្រូវ ដូចជា​បំបិទ​សិទ្ធិ​ខ្ញុំ​ជា​ប្រពន្ធ​និង​កូន ព្រោះ​ខ្ញុំ​ជា​ប្រពន្ធ​និង​កូន កាល​ណា​ខ្ញុំ​ទៅ ប្ដី​ខ្ញុំ​មួយ​ណា​គឺ​គាត់​ស្គាល់​ថា​ខ្ញុំ​ជា​ប្រពន្ធ ហើយ​អ្នក​ដទៃ​មិន​មែន​ប្ដី​ឲ្យ​ខ្ញុំ​ទៅ​រត់​អោប​គេ​កើត​ទេ? គាត់​ដូចជា​បំបិទ​សិទ្ធិ​ខ្ញុំ​ហួស។ ខ្ញុំ​ចូល​ទៅ​ជួប​ហ្នឹង​ហេតុ​អី​ក៏​គេ​មិន​ឲ្យ​ខ្ញុំ​ជួប? តើ​បទ​ហ្នឹង​វា​ធ្ងន់​ប៉ុណ្ណា​ទៅ? ហើយ​ប្ដី​ខ្ញុំ​ដូច​ជា​គ្មាន​ភស្តុតាង​អី​ដែល​ត្រូវ​ចាប់​ផង មិន​មែន​បទ​ល្មើស​ជាក់​ស្ដែង​អី​ផង ហើយ​គាត់​ក៏​មិន​បាន​ទៅ​សម្លាប់​មនុស្ស​ឯណា​ផង ហេតុ​អី​ក៏​មិន​ឲ្យ​ខ្ញុំ​ជួប?»

ចំណែក​អ្នកស្រី សយ សារី ជា​ម្ដាយ​របស់​ជនជាប់ចោទ ឈុន ណាគង់ ក៏​ត្រូវ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូល​ជួប​កូន​ប្រុស​គាត់​ដែរ។ គ្រួសារ​អ្នកស្រី​ជា​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​ខេត្ត​បាត់ដំបង។ គាត់​អះអាង​ថា នេះ​ជា​ឱកាស​ដ៏​កម្រ​ដែល​អ្នកស្រី​ពិបាក​ជួប​កូន​ដោយ​មិន​ដឹង​សុខ​ទុក្ខ​យ៉ាង​ណា​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា កូន​គាត់​ជា​គ្រូបង្រៀន​មាន​ជីវភាព​ទីទាល់ក្រ ពុំ​បាន​ជាប់​ពាក់ព័ន្ធ​ចលនា​នៃ​ក្រុម​នេះ ហើយ​ក៏​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ថា​ផ្ដួល​រលំ​រដ្ឋាភិបាល​នោះ​ដែរ៖ «គេ​ចង់​បញ្ជាក់​យក​សៀវភៅ​គ្រួសារ ហើយ​យក​រូបថត​ម៉ែ​ហ្នឹង​ដើម្បី​បិទ​ឲ្យ​កូន​ឃើញ ខ្លាច​ខ្ញុំ​ទៅ​បន្លំ។ ម៉ែ​និង​កូន​ទើប​ចាប់​គ្នា​ប៉ុន្មាន​ថ្ងៃ មិន​ដែល​ទៅ​ភ្លេច​មុខ​កូន​មុខ​ម៉ែ​ធ្វើ​ស្អី? ខ្ញុំ​តូច​ចិត្ត​ដែរ ពីព្រោះ​ខ្ញុំ​វា​នៅ​ឆ្ងាយ បើ​សិន​ណា​នៅ​ជិត ១០​ម៉ែត្រ​ទៅ ខ្ញុំ​រត់​ទៅ​យក​សៀវភៅ​គ្រួសារ​កាន់​យក​មក​ឲ្យ​មើល​ផ្ទាល់​ភ្លាម។ និយាយ​ទៅ​សុំ​ចូល​ថ្ងៃ​នេះ​អត់​បាន​ទេ ស្អែក​បើ​មក​ទាន់​មិន​ទាន់​អត់​បាន​ចូល​ទៀត។ ស្អែក​ហ្នឹង​គេ​ធ្វើ​បុណ្យ​សម្ដេច ទាល់​តែ​ខាន​ស្អែក។ ខ្ញុំ​សំណូមពរ​ឲ្យ​អង្គការ​ជួយ​មើល​ថា សុំ​ឲ្យ​ចូល​មើល​ឃើញ​កូន មើល​យ៉ាង​ម៉េច​បាន គេ​បិទ​សិទ្ធិ​វា​ខ្លាំង​ម្ល៉េះ?យើង​ទោស​អី​ធ្ងន់​ដល់​ប៉ុណ្ណា​ខ្លះ?»

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក គុយ ប៊ុនសន មិន​អាច​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ តុលា ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​សាច់ញាតិ​ជន​ជាប់​ចោទ​ចូល​សួរ​សុខ​ទុក្ខ​ក្នុង​ពន្ធនាគារ​ដោយ​លោក​ថា ជាប់​រវល់។

ឆ្លើយតប​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)  លោក ណៃ វ៉ង់ដា មាន​មតិ​ថា ករណី​ក្រុម​គ្រួសារ​មាន​តែ​អត្តសញ្ញាណប័ណ្ណ ហើយ​មន្ត្រី​ពន្ធនាគារ​មិន​ឲ្យ​ពួកគេ​ចូល​ជួប​ជន​ជាប់​ចោទ​នោះ គឺ​ជា​លក្ខខណ្ឌ​មួយ​បំបិទ​សិទ្ធិ។

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ១០​នាក់​នោះ​ក្នុង​អំឡុង​ពេល​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា។ អ្នក​ទាំង​នោះ​រស់​នៅ​ខេត្ត​មួយ​ចំនួន ដូច​ជា ខេត្ត​កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ព្រះវិហារ និង​មាន​មុខរបរ​គ្រូបង្រៀន នគរបាល និស្សិត កម្មករ ហើយ​ភាគី​ច្រើន​ជា​កសិករ​មាន​អាយុ​ពី ២៣​ឆ្នាំ ដល់ ៥៧​ឆ្នាំ។ ជនជាប់ចោទ​ទាំង ១០​នាក់​នោះ មាន​ឈ្មោះ ឈុន ណាគង់ ប៉ូយ ធឿន ឈុន ឆាត ច្រាញ់ ម៉ុច ឡាត់ លីហេង ឆាយ វ៉ិច ឈឹម ស្ម័គ្រ ចាន់ រ៉ា អាន ចាន់ និង​ឈ្មោះ ចាន់ ស្នា។

គ្រួសារ​ជន​ជាប់ចោទ​ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ ដោយ​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌ រំលោភ​សិទ្ធិ​មនុស្ស ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ និង​ពុំ​មាន​ភស្តុតាង​ត្រឹមត្រូវ។

យ៉ាង​ណា​ក្នុង​ចំណោម​មនុស្ស ១០​នាក់ មាន​ម្នាក់​គឺ លោក ឈឹម ស្ម័គ្រ ជា​សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ កូនស្រី​របស់​លោក គឺ​កញ្ញា ឈឹម វិមេន បាន​ថ្លែង​ថា នាង​បាន​ដឹង​ថា ឪពុក​នាង​បាន​ចូល​ជា​សមាជិក​នេះ ដែល​គេ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២។ ប៉ុន្តែ​ចលនា​នេះ មាន​គោលដៅ​ធ្វើ​ការ​តស៊ូ​មតិ​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់​បាន​កាត់​ទោស​កំបាំងមុខ​លោក សម សេរី ជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ថា​ជា​អ្នក​ដឹកនាំ​ចលនាមួយ​ប្រឆាំង​នឹង​របប​គ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យ​ជាប់​ពន្ធនាការ​រយៈពេល ៩​ឆ្នាំ ម្ដង​រួច​មក​ហើយ​ពី​បទ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល៕
http://www.rfa.org/khmer/news/social-economy/preysor-reaction-10282014093253.html

http://feeds.feedburner.com/KhmerLeadership

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership