អតីត​យោធា​ខ្មែរ​ម្នាក់​បន្ត​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ តាំង សារ៉ាដា​ 2016-07-26
អតីត​កងទ័ព​ខ្មែរ​មួយ​រូប​ដែល​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​បះបោរ​ធ្វើ​បដិវត្តន៍​ប្រឆាំង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៅ​តែ​បន្ត​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដដែល បើ​ទោះ​បី​ជា​សមត្ថកិច្ច​ព្យាយាម​ប្រមាញ់​ចាប់​ខ្លួន​ជន​រូប​នេះ​ក៏ដោយ។

បុរស​ដែល​ចេញ​មុខ​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​បណ្ដា​អង្គភាព និង​ក្រសួង​ទូទាំង​ប្រទេស​ទាំង​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​រំដោះ​ជាតិ​មាតុភូមិ នៅ​ក្នុង​បណ្ដាញ​យូធូប (YouTube) កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៦។

បុរស​ដែល​ចេញ​មុខ​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​បណ្ដា​អង្គភាព និង​ក្រសួង​ទូទាំង​ប្រទេស​ទាំង​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​រំដោះ​ជាតិ​មាតុភូមិ នៅ​ក្នុង​បណ្ដាញ​យូធូប (YouTube) កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៦។

អតីត​កងទ័ព​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រចាំការ​ក្នុង​តំបន់​ព្រះវិហារ លោក សោម សុវណ្ណារ៉ា ដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម​ថា សម វិជ្ជា គំរាម​ថា លោក​នឹង​បង្កើន​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​តតាំង​អហិង្សា​ជាមួយ​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន៖ «ខ្ញុំ​នៅ​តែ​បើក​កកាយ​រឿង​ការពិត​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​រហូត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​អ្វី​ដែល​ជា​ធាតុ​ពិត​ទាំង​អស់»

លោក សោម សុវណ្ណារ៉ា ដែល​មាន​វ័យ ៣៥​ឆ្នាំ បច្ចុប្បន្ន​កំពុង​សុំ​សិទ្ធិ​រស់​នៅ​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​កាណាដា (Canada) ប្រាប់​វិទ្យុ អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ថា លោក​ធ្លាប់​មាន​ឋានន្តរសក្ដិ​ជា​ពលទោ​នៃ​ការិយាល័យ​កង​វិស្វកម្ម​ទទួល​បន្ទុក​កុំព្យូទ័រ (Computer) និង​ឯកសារ​ទិន្នន័យ​យោធា។ លោក​អះអាង​ថា លោក​ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ដាណឺម៉ាក (Denmark)។

​ប៉ុន្តែ​លោក ស្រី ឌឹក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​បី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក សោម សុវណ្ណារ៉ា មិន​មែន​ជា​អតីត​ទាហាន​របស់​លោក​នោះ​ទេ។

លោក សោម សុវណ្ណារ៉ា បាន​ហៅ​ការ​បដិសេធ​របស់​លោក ស្រី ឌឹក ថា​ជា​រឿង​មិន​ពិត ដោយ​លោក​បញ្ជាក់​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់ ទាំង​ឯកសារ និង​រូបថត​ទៀត​ផង។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ លោក សោម សុវណ្ណារ៉ា អះអាង​ថា លោក​មិន​មែន​ជា​ក្រុម​បង្កប់​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទាក់ទាញ​ក្រុម​អ្នក​ស្នេហា​ជាតិ​ផ្សេង​ទៀត​សម្រាប់​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា កន្លង​ទៅ អតីត​មន្ត្រី​យោធា​ខ្មែរ​រូប​នេះ​បង្ហោះ​វីដេអូ​ឃ្លិប​របស់​ខ្លួន​លើ​បណ្ដាញ​យូធូប (YouTube) និង​ហ្វេសប៊ុក (Facebook) ដោយ​បំផុសបំផុល​ឲ្យ​កងកម្លាំង​របស់​រដ្ឋ​ទាំង​អស់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោក​ចាត់​ទុក​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ជា​រដ្ឋាភិបាល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ប្រឆាំង​ពលរដ្ឋ​ខ្លួន​ឯង ដូចជា​ការ​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី ហើយ​នៅ​ចុង​ក្រោយ​នេះ គឺ​លោក​បណ្ឌិត កែម ឡី។

​ក្រោយ​ពី​ការ​គំរាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ​ហើយ ទាំង​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ បាន​ចេញ​បទបញ្ជា​ជា​បន្តបន្ទាប់​ដើម្បី​ប្រមាញ់​ចាប់​ខ្លួន​អតីត​មន្ត្រី​យោធា​រូប​នេះ។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​ពី​វិធានការ​របស់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

​លោក សោម សុវណ្ណារ៉ា ថា សមត្ថកិច្ច​ខ្មែរ​បាន​នាំ​គ្នា​គំរាម​គ្រួសារ​របស់​លោក ដើម្បី​ឲ្យ​លោក​បញ្ឈប់​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល។

​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​កក្កដា អតីតមន្ត្រី​យោធា​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ឃ្លិប​ជា​លើក​ទី​ពីរ ចោទ​ប្រកាន់​វិស័យ​យោធា​របស់​កម្ពុជា ថា​កំពុង​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម ដែល​ចេះ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ៖ «ហើយ​ថ្ងៃ​នេះ ពេល​នេះ ខ្ញុំ​បាទ​សូម​ប្រកាស​បើក​កកាយ​ផ្ទៃក្នុង​របស់​ជួរ​កងទ័ព និង​ក្រសួង​មន្ទីរ​នានា​ដែល​កំពុង​ធ្វើ​ការសម្ងាត់​ជាមួយ​យួន​កុម្មុយនិស្ត និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការរៀបចំ​សម្លាប់​ខ្មែរ។ ក្នុង​កងពល​នីមួយ និង​បណ្ដា​អង្គភាព​គឺ​សុទ្ធតែ​មួន​យួន​ដែល​និយាយ​ភាសា​ខ្មែរ​ច្បាស់ ដែល​ធ្វើការ​នៅ​ក្នុង​ជួរ​ទាហាន​រដ្ឋាភិបាល ហើយ​ពួក​នេះ​ធ្វើការ​ទំនាក់ទំនង​គ្នា​តាម​សារ​ផ្សេងៗ​សុទ្ធតែ​ភាសា​យួន»

លោក សោម សុវណ្ណារ៉ា អះអាង​ថា លោក​បម្រើការ​នៅ​ក្នុង​ជួរ​កងទ័ព​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១១ មុន​ពេល​មាន​ការ​តាមដាន និង​ចាប់​ខ្លួន ដោយសារ​លោក​បាន​លួច​ឯកសារ​យោធា។ លោក សោម សុវណ្ណារ៉ា បាន​រត់​ភៀស​ខ្លួន​មក​កាន់​ប្រទេស​ថៃ ហើយ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ទៅ​ប្រទេស​ទី​បី ពី​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀស​ខ្លួន (UNHCR) មុន​ពេល​លោក​ត្រូវ​បាន​បញ្ជូន​មក​រស់​នៅ​ក្នុង​ប្រទេស​កាណាដា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ នេះ។

ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រចាំ​ប្រទេស​ដាណឺម៉ាក លោក សម សេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក សោម សុវណ្ណារ៉ា ជា​សមាជិក​របស់​លោក​តាំង​ពី​ឆ្នាំ​២០០៥ គឺ​តាំង​ពី​ពេល​ដែល​លោក​ជា​ព្រះសង្ឃ​មក​ម្ល៉េះ។

លោក សម សេរី បន្ត​ថា សមាជិក​របស់​​លោក​សព្វ​ថ្ងៃ​មាន​ជាង ៦​ពាន់​នាក់ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​ពួកគេ​ជា​សមាជិក​ស្ម័គ្រចិត្ត​ដែល​សុទ្ធសឹងតែ​ជា​អ្នក​ឈឺ​ចាប់ និង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​នៅ​កម្ពុជា បច្ចុប្បន្ន ដោយ​អហិង្សា និង​សន្តិវិធី​ស្របតាម​ច្បាប់​អន្តរជាតិ៖ «គោលការណ៍​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ គឺ​យើង​ធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ។ យើង​ធ្វើ​ដោយ​សន្តិវិធី ហើយ​អ្វី​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ធ្វើ​ហ្នឹង គឺ​ស្របតាម​ច្បាប់​អន្តរជាតិ ហើយ​សមាជិក​មាន​សិទ្ធិ​ពេញ​ទី​តែម្ដង​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល»

​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក​យ៉ាង​ហោច​ណាស់​មាន​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចំនួន ១៨​នាក់​ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ហើយ​ក្នុង​ចំណោម​មនុស្ស ទាំង​នោះ​ក៏​មាន​ប្អូនប្រុស​របស់​លោក សម សេរី ផង​ដែរ៕

ប្រភពពី៖ វិទ្យុអាស៊ីសេរី

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership