អ្នកប្រកាសធ្វើរដ្ឋប្រហារព្យាយាមភ្ជាប់ខ្លួននឹងគណបក្សសង្រ្គោះជាតិ

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦

អ្នកប្រកាសធ្វើរដ្ឋប្រហារដែលអះអាងថាជារណសិរ្សរំដោះជាតិខ្មែរបានអំពាវនាវឲ្យសមាជិករបស់ខ្លួននិងសមាជិកគណបក្សប្រឆាំងត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាព ដោយថាកម្លំាងរដ្ឋាភិបាលលោក ហ៊ុន សែន អាចនឹងចាប់ខ្លួន ពាក់ព័ន្ធនឹងការ “ផ្តួលរំលំរដ្ឋាភិបាលឬរដ្ឋប្រហារ”។

89de47a7-cf86-48c0-9785-77e1d8f36b33នៅពេលថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់បុរសម្នាក់ដែលបានដាក់ឈ្មោះខ្លួនឯងថា “វ៉េប៉េ៩ (VP9) នៅអង្គភាពភូមិភាគនីរតី បានអំពាវនាវដល់មហាជននិងកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ដោយបានអំពាវនាវដល់មហាជន ក្រសួងមន្ទីនានា និងកងកម្លាំងទាំងអស់ត្រៀមខ្លួនប្រឆាំងនឹងរដ្ឋាភិបាលដើម្បីរំដោះជាតិ” ហើយក្រសួងការពារជាតិប្រកាសតាមចាប់ខ្លួនបុរសរូបនោះ។

ក្នុងសេចក្តីប្រកាស “អាសន្ន” កាលពីថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៦ រណសិរ្សរំដោះជាតិខ្មែរបានអំពាវនាវឲ្យសមាជិករណសិរ្សរំដោះជាតិខ្មែរ សមាជិកគណបក្សសង្គ្រោះជាតិ និងសមាជិកគណបក្សផ្សេងៗទៀត ដែលថាគំាទ្ររណសិរ្សរំដោះជាតិខ្មែរកំពុងរស់នៅក្នុងប្រទេសខ្មែរនិងប្រទេសថៃ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពខ្ពស់។ ក្នុងសេចក្តីប្រកាសដែលចុះហត្ថលេខាដោយឈ្មោះ ឃុន ចាន់តូ ថា៖ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពខ្ពស់ ព្រោះកងកម្លាំងនៃរបបផ្តាច់ការ ហ៊ុន សែន អាចនឹងចាប់ខ្លួន ដោយចោទប្រកាន់ថា “ផ្តួលរំលំរដ្ឋាភិបាលឬរដ្ឋប្រហារ”។

សេចក្តីប្រកាសនោះបញ្ជាក់ថាខ្លួនបដិសេធរាល់ការចោទប្រកាន់ថាបុរសម្នាក់នោះជាសមាជិករណសិរ្សរំដោះជាតិខ្មែរប្រកាសឲ្យកងកម្លំាងប្រដាប់អាវុធក្រោកឡើងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែទទួលស្គាល់ថាការអំពាវនាវរបស់បុរសម្នាក់គឺចង់ឲ្យពលរដ្ឋខ្មែរភ្ញាក់រលឹកពីបញ្ហាជាតិ បន្ទាប់ពីមានការបាញ់សម្លាប់លោក កែម ឡី។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិមិនជាប់ពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិខ្មែរ រួមទំាងបុរសម្នាក់ដែលប្រកាសផ្តួលរំលំរដ្ឋាភិបាល ឬរដ្ឋប្រហារនោះទេ។ ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិធ្វើការតស៊ូមតិឈរលើគោលការណ៍អហិង្សា តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ លោកបន្តថា៖ “ខ្ញុំសូមបញ្ជាក់ទៅបងប្អូនជនរួមជាតិទំាងអស់ឲ្យបានច្បាស់រឿងហ្នឹង ជំហររបស់គណបក្សសង្គ្រោះជាតិគឺជំរុញឲ្យការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺអត់តាមរយៈផ្តួលកម្លំាង ប្រមូលកំលំាងធ្វើរដ្ឋប្រហារ ធ្វើស្អីទេ ហើយក្រុមណាដែលធ្វើបែបហ្នឹងគឺសុំឲ្យឆ្ងាយពីគណបក្សសង្គ្រោះជាតិ“

សាស្ត្រាចារ្យនយោបាយ លោក សូ ចន្ថា យល់ថាការលើកឡើងរបស់ក្រុមអ្នកដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលនោះជាការៀបចំរបស់បក្សកាន់អំណាចច្រើនជាងបក្សប្រឆំាង។ លោកថាការប្រកាសធ្វើរដ្ឋប្រហារនេះជាការបង្វែរការចាប់អារម្មណ៍មហាជនឲ្យបំភ្លេចរឿងបាញ់សម្លាប់លោក កែម ឡី។ លោកបន្តថា៖“ទីមួយជាការបង្វែរស្ថានការសង្គមមិនឲ្យប្រជាពលរដ្ឋមិនចាប់អារម្មណ៍នឹងរឿងសង្គម ទីពីរជាការបំភិតបំភ័យពលរដ្ឋកុំឲ្យចាប់អារម្មណ៍រឿងនយោបាយ ហើយចូលរួមក្នុងនយោបាយ ហើយពលរដ្ឋគាត់ចាប់អារម្មណ៍រឿងថ្មីៗដែលពាក់ព័ន្ធទៅនឹងរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី ហើយទីបីអាចជាការគំរាមកំហែងដល់សេរីភាពប្រជាពលរដ្ឋ ហើយរបស់គណបក្សនយោបាយផ្សេងទៀតផង សម្រាប់ខ្ញុំ ខ្ញុំនៅតែគិតថាជាការរៀបចំឡើងរបស់ក្រុមដែលមានអំណាចច្រើនជាងបក្សប្រឆំាងទៅវិញ“

តាមកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី១៩ ខែកក្កដា គណៈកម្មការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាបានប្រជុំបិទទ្វារ ដោយបានលើកឡើងថាក្នុងស្ថានភាពបក្សប្រឆំាងកំពុងមានវិបត្តិក្បាលម៉ាស៊ីនដឹកនាំនិងប្រឈមនឹងបញ្ហាផ្ទៃក្នុង (យើង) ត្រូវបន្តធ្វើឲ្យពួកគេកាន់តែចុះខ្សោយតាមរយៈបន្តយុទ្ធសាស្ត្ររបស់បក្សកាន់អំណាច។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាថា គណបក្សប្រឆំាងនឹងវាយប្រហារលើគណបក្សខ្លួននៅមុននិងក្រោយការបោះឆ្នោត។ ករណីនេះបក្សកាន់អំណាចបានប្រាប់ទៅសមាជិករបស់ខ្លួនសាមគ្គីគ្នានិងតបត ដើម្បីកុំឲ្យចាញ់ល្បិចកលបក្សប្រឆំាង៖ “ទោះបីដូច្នេះ ក៏មិនត្រូវធ្វេសប្រហែសឡើយ ត្រូវចេះក្តាប់ឱកាស និងចេះវាយលុកឲ្យបានខ្លាំង និងស្រុះដៃគ្នា សមាជិកនៅក្នុងកិច្ចប្រជុំទំាងអស់ត្រូវបានដាស់តឿនឲ្យចងចំាថា ពួកប្រឆំាងនិងមជ្ឈដ្ឋានអគតិមិនបញ្ចប់ឧបាយកលផ្តួលរំលំគណបក្សប្រជាជនក៏ដូចជារដ្ឋាភិបាល ដើម្បីដណ្តើមអំណាចទេ ពួកគេនឹងនៅតែបន្តរិះរកគ្រប់វិធានការសំដៅធ្វើឲ្យបក្សកាន់អំណាចចុះខ្សោយធ្វើឲ្យប្រជាជនឃ្លាតចេញពីបក្ស ដើម្បីសម្រេចយុទ្ធសាស្ត្រផ្លាស់ប្តូររបស់ពួកគេ”

ប្រភពដើមៈ vodhotnews.com

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership