ឧទ្ធរណ៍​បន្ត​ឃុំ​អ្នក​ធ្វើ​បាតុកម្ម​នៅ​មុខ​ទូត​វៀតណាម

Credit@ www.postkhmer.com Wed, 29 April 2015 គឹម សារុំ

ភ្នំពេញៈ សាលាឧទ្ធរណ៍​ កាលពី​ម្សិលមិញ ​បាន​ប្រកាស​សាលដិកា​​បដិសេធ បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ ១០ នាក់ ដែល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​មុខ​​ស្ថានទូត​វៀតណាម កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៤ ហើយ​​​ត្រូវ​បាន​សាលាដំបូង​រាជធានី​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ។ ការប្រកាស​សាលដីកា​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​បាន​​បើក​សវនាការ​អសាធារណៈ​កាលពី​ថ្ងៃ​ទី ២១ ខែ​មេសា ។

Credit@ http://www.postkhmer.com/ព័ត៌មានជាតិ/ឧទ្ធរណ៍បន្តឃុំអ្នកធ្វើបាតុកម្មនៅមុខទូតវៀតណាម

ការប្រកាស​សាលដីកា​កាលពី​ម្សិលមិញ​ ត្រូវ​បាន​​ធ្វើ​ឡើង​ក្នុង​​បន្ទប់​បិទទ្វារ​ដោយ​លោក ភូ ពៅស៊ុន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។ ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ​ ឡាក់ លីហេង ​បាន​និយាយ ខណៈ​កងអនុរក្ស​ពន្ធនាគារ បណ្តើរ​ចេញពី​​បន្ទប់​ប្រកាស​​សាលដីកា​ថា​​៖ «​ពួកខ្ញុំ​ត្រូវ​តុលាការ​មិន​អនុញ្ញាត​ឲ្យ​​នៅ​ក្រៅ​ឃុំ​ទេ​។ តុលាការ​អយុត្តិធម៌ ហើយ​រឿង​នេះ​គឺជា​​រឿង​នយោបាយ​សុទ្ធសាធ​»​។

ស្រ្តី​ឈ្មោះ សយ សារី អាយុ ៥៣ ឆ្នាំ ដែល​ជា​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​​ម្តាយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឃុន ណាគង់ បាន​និយាយ​ប្រាប់​អ្នកកាសែត បន្ទាប់ពី​តុលាការ​ប្រកាស​សាលដីកា​ថា កូន​របស់​អ្នកស្រី ជា​គ្រូបង្រៀន​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង មិន​បាន​ធ្វើអ្វី​ខុស​នោះ​ទេ គឺ​គ្រាន់តែ​មក​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ ក៏​ត្រូវ​គេ​ចាប់ឃុំ​ខ្លួន​តែ​ម្តង​។

អ្នកស្រី​ សារី ​បាន​ថ្លែង​ថា កូន​​របស់​អ្នកស្រី គ្រាន់តែ​ចូលរួម​ធ្វើ​បាតុកម្ម ហើយ​ស្រែក​ទាមទារ​រក​យុត្តិធម៌​ប៉ុណ្ណោះ​។ អ្នកស្រី​បញ្ជាក់​ថា​៖ «​កូន​ខ្ញុំ​មក​ធ្វើ​បាតុកម្ម​មែន តែ​គ្មាន​អាវុធ​ក្នុង​ដៃ​ទេ បែរ​ជា​តុលាការ ចោទប្រកាន់​ថា ធ្វើ​រដ្ឋប្រហារ ក្បត់ជាតិ​ទៅវិញ​។ កូន​ខ្ញុំ​ជា​គ្រូបង្រៀន​ គ្មាន​ទោស​កំហុស​អី​ទេ​»​។

បុរស​ត្រូវ​ចោទ​ទាំង​ ១០ នាក់​មាន​ឈ្មោះ ឈុន ឆាក អាយុ ២៤ ​ឆ្នាំ ឡាក់ លីហេង អាយុ​​ ២២ ឆ្នាំ លីវ យី អាយុ​ ២៩ ឆ្នាំ ច្រាញ់ ម៉ុច អាយុ ២៤ ឆ្នាំ ឆាយ វ៉ិត អាយុ​ ៤០ ឆ្នាំ អាន ចាន់ អាយុ​ ៣៥ ឆ្នាំ ចាន់ ស្នា អាយុ​ ២៧ ​ឆ្នាំ ឈឹម ស្មាក់ អាយុ ៧៤ ​ឆ្នាំ និង​ឈ្មោះ ឃុន ណារ៉ុង អាយុ ២៩ ឆ្នាំ ពួកគេ​មកពី​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ ព្រះវិហារ ​និង​នៅ​រាជធានី​ភ្នំពេញ​។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ភូ ពៅស៊ុន មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

តាម​ឯកសារ​តុលាការ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​បាន​ជា​បន្តបន្ទាប់​ បន្ទាប់ពី​ពួកគេ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​​​មុខ​ស្ថានទូត​វៀតណាម កាលពី​ថ្ងៃ​​ទី​ ២៣ ខែ​តុលា ឆ្នាំ ២០១៤ ​។

លោក ជូង ជូងី មេធាវី​ការពារក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ ១០ ​នាក់ ដែល​ខាង​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ពឹងពាក់​ឲ្យ​ការពារក្តី បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការបដិសេធ​របស់​សាលាឧទ្ធរណ៍ មិន​ឲ្យ​កូនក្តី​លោក​បាន​​នៅ​ក្រៅ​ឃុំ​នេះ លោក​គ្មាន​យោបល់​ថា យ៉ាងម៉េច​ទេ តែ​លោក​ចាំសួរ​កូនក្តី​លោក​សិន ថា តើ​ត្រូវ​បន្ត​នីតិវិធី​ប្តឹង​ទៅ​តុលាការ​កំពូល​ទៀត​ឬ​​យ៉ាងណា​?

តាមដាអានព័ត៌មានរហ័សទាន់ចិត្ត@

(www.Khmerleadership.org)

(www.facebook.com/knlfnews?)

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership