​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ​មិន​ទាន់​រកឃើញ​អត្តសញ្ញាណ​អ្នក​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​​

សមត្ថកិច្ច​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ចន្ទ​នេះ មិនទាន់​បង្ហើប​ឲ្យដឹង ពី​លទ្ធផល​ស៊ើបអង្កេត រក​ចាប់ខ្លួនអ្នក​បាច​ខិត្តប័ណ្ណ ប្រឆាំង​រដ្ឋាភិបាលនៅឡើយ​ទេ ដោយ​​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​។​
កាលពី​ថ្ងៃ​ទី​៧​ ខែ​ធ្នូ ឆ្នាំ​២០១៣ ខិត្តប័ណ្ណ​មិន​បង្ហាញ​អត្តសញ្ញាណ​​ជា​ច្រើន​សន្លឹក ត្រូវបាន​សមត្ថកិច្ច​ប្រមូលបាន​នៅ​ខេត្ត​នេះ​។​ ​ខិត្តប័ណ្ណ​នោះ បាន​អំពាវ​នាវ​​ឲ្យ​ពលរដ្ឋ​ខ្មែរ ក្រោក​ឡើង​​​ប្រឆាំង​ការដឹកនាំរបស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បី​ទាមទារ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​
មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ លោក កង សៅ​គន្ធ អះអាងថា មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​ករណីនេះ ប៉ុន្តែ​មិន​ទាន់​កំណត់​មុខសញ្ញា​ជន​សង្ស័យ​​នៅឡើយ​ទេ។​
ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក ស៊ី គិរី ឲ្យដឹង​ដែរថា ករណី​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​នេះ មន្ត្រី​ជំនាញ​ត្រូវការ​ពេលវេលា​បន្ថែមទៀត មុន​នឹង​ផ្តល់​ព័ត៌មាន​ជាក់លាក់ ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ។​
​ការបា​ច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​មុន​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ដែល​ទិវា​នេះ មាន​អង្គការ​សង្គម​ស៊ីវិល សហគមន៍​ការពារ​ព្រៃឈើ បណ្តាញ​កសិករ និង​សហគមន៍​មួយចំនួនទៀត រួម​ទាំង​គណបក្សប្រឆាំង​ផង ប្រកាស​ចូលរួម​ប្រារព្ធ​ទិវា​នោះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល គោរព​សិទ្ធិ​មនុស្ស បញ្ឈប់​​​ការបណ្តេញចេញ​ពី​លំនៅឋាន និង​ដោះស្រាយ​អយុត្តិធម៌​សង្គមជាដើម។​
​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​សមាគម អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់  យល់ថា ការបា​ច​ខិត្តប័ណ្ណ​នោះ អាច​ថា​ជា​សារ​នយោបាយ របស់​អាជ្ញាធរ ដើម្បី​រឹតបន្តឹងសន្តិសុខ ដល់​អ្នក​ដែល​គ្រោង​ចូលរួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំនេះ​។​
​លោក​បន្តថា ម្យ៉ាងទៀត ការបា​ច​ខិត្តប័ណ្ណ​នេះ​អាច​ថា មក​ពី​ក្រុមមនុស្ស​មួយក្រុម ដែល​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​៕
ប្រភពដើមពីៈhttp://vodhotnews.com

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership