​​យោធា​​​​​កំណត់​អត្តសញ្ញាណ​​​​​​​បុរស​ដែល​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​​​​ផ្ដួល​រំលំ​​រដ្ឋាភិបាល​​បាន​ហើយ

ដោយ ឃី សុវុឌ្ឍី | ថ្ងៃព្រហស្បតិ៍ ទី 21 ខែកក្កដា ឆ្នាំ2016 | READ IN ENGLISH

ក្រសួងការពារជាតិបាននិយាយកាលពីម្សិលមិញថា យោធាកំណត់បានអត្តសញ្ញាណបុរសម្នាក់ដែលបានប្រកាសកាលពីថ្ងៃអាទិត្យថាមានផែនការធ្វើរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាចហើយ ដោយ Profile ហ្វេសប៊ុករបស់ជនរៀបផែនការរដ្ឋប្រហារនេះបង្ហាញពីរូបខ្លួនឯងនេះស្ថិតក្នុងឯកសណ្ឋានយោធាកម្ពុជា។

Screen-Shot-2016-07-21-at-10.58.33-AMអង្គុយពីខាងមុខផ្ទាំងក្រណាត់យោធាប៉ារ៉ាក្នុងវីដេអូមួយបង្ហោះតាមយូធ្យូបកាលពីថ្ងៃអាទិត្យ បុរសនេះបានអះអាងថា “អង្គភាព” របស់ខ្លួននៅភូមិភាគនិរតីនៃប្រទេសកម្ពុជា ចង់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេសត្រៀមខ្លួនសម្រាប់រដ្ឋប្រហារក្នុងពេលដ៏ខ្លីខាងមុខដើម្បីផ្ដួលរំលំ ”របបផ្ដាច់ការដឹកនាំដោយលោក ហ៊ុន សែន”។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមានប្រសាសន៍ថា បុរសរូបនេះត្រូវបានកំណត់អត្តសញ្ញាណហើយ។ លោកថ្លែងថា “យើងនឹងឆែកមើលទាំងបញ្ជីឈ្មោះមន្ត្រីយោធា និងមន្ត្រីស៊ីវិល ប៉ុន្តែពេលនេះយើងបានដឹងពីអត្តសញ្ញាណរបស់ជននេះហើយ” ប៉ុន្តែបដិសេធមិនបញ្ជាក់បន្ថែមទៀតអំពីអត្តសញ្ញាណ ទីតាំង ឬការងាររបស់បុរសនេះទេ។

លោកបានបន្តថា “វាមិនបញ្ហាទេ ជននេះរត់ទៅណាមិនរួចទេ។ សូមកុំសួរច្រើនពេក ពេលនេះយើងកំពុងធ្វើការ”។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានមានប្រសាសន៍ដែរថា លោកមិនអាចប្រាប់ឈ្មោះរបស់បុរសរូបនេះ ឬថាតើបុរសនេះជាទាហានកងយោធពលខេមរភូមិន្ទបានឡើយ។

លោកបានលើកឡើងទៀតថា “ពេលនេះយើងកំពុងស្រាវជ្រាវករណីនេះ ហើយខណៈយើងកំពុងស្រាវជ្រាវ យើងមិនអាចបង្ហាញអត្តសញ្ញាណរបស់ជនសង្ស័យ ឬធ្វើអត្ថាធិប្បាយអំពីព័ត៌មានលម្អិតស្ដីពីបញ្ហានេះបានទេ”។

ទោះជាយ៉ាងណា កាលពីម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ចេញឈ្មោះបុរសនេះថាមានឈ្មោះ សោម វិជ្ជា (Som Vichea) ខណៈ Profile ហ្វេសប៊ុកមួយស្ថិតពីក្រោមឈ្មោះតែមួយនេះមានរូបថតបុរសនៅក្នុងវីដេអូយូធ្យូប ស្ថិតក្នុងឯកសណ្ឋានកងយោធពលខេមរភូមិន្ទ និងថតរូបជាមួយទាហានផ្សេងទៀត។

Profile ហ្វេសប៊ុកនេះសកម្មណាស់រហូតដល់ថ្ងៃអាទិត្យ ដោយបង្ហាញពីសារបង្ហោះយ៉ាងច្រើនក្នុងមួយថ្ងៃៗ ហើយមួយចំនួនធំក្នុងចំណោមសារទាំងនោះបានចោទប្រកាន់លោក ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងថាជាភ្នាក់ងារសម្ងាត់របស់វៀតណាម។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណា អត្ថបទមួយចុះផ្សាយដោយគេហទំព័រព័ត៌មានរបស់នគរបាលជាតិបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យរូបនេះដែលអំពាវនាវទៅកាន់សាធារណជន “កុំឱ្យជឿ ឬចូលរួម” ការអំពាវនាវឱ្យធ្វើរដ្ឋប្រហារដូចក្នុងវីដេអូនេះ។

អត្ថបទនោះសរសេរថា “លោក គៀត ច័ន្ទថារិទ្ធ បានអំពាវនាវទៅដល់អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ឱ្យប្រុងប្រយ័ត្ន ជាពិសេសពាក់ព័ន្ធការចែករំលែកសេចក្ដីប្រកាសនេះ ដែលស្មើនឹងគាំទ្រសកម្មភាពនេះដែរ”។

កាលពីល្ងាចម្សិលមិញ រណសិរ្សរំដោះជាតិខ្មែរ (KNLF) ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយអះអាងថា បុរសក្នុងវីដេអូនេះគឺជាសមាជិកម្នាក់របស់ខ្លួន ប៉ុន្តែបដិសេធថា គាត់មិនមែនអំពាវនាវឱ្យធ្វើរដ្ឋប្រហារទេ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា “រណសិរ្សរំដោះជាតិខ្មែរសូមបដិសេធការចោទប្រកាន់ទាំងអស់ថា បុរសម្នាក់ដែលជាសមាជិករបស់រណសិរ្សរំដោះជាតិខ្មែរបានប្រកាសថា កងកម្លាំងប្រដាប់អាវុធគួរតែក្រោកឈរឡើង ហើយធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។ អត្ថន័យដែលគាត់ចង់និយាយគឺគ្រាន់តែជាការអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ដឹងពីបញ្ហានានារបស់ជាតិដែលកំពុងកើតមានឡើងក្រោមអាណានិគមវៀតណាម បែបថ្មី និងជាការសម្ដែងអារម្មណ៍ផ្ទាល់ខ្លួនរបស់បុរសនេះដោយសារតែការធ្វើឃាតលោក កែម ឡី។ គោលបំណងរបស់រណសិរ្សរំដោះជាតិខ្មែរ គឺជជែកដេញដោលដោយសន្តិវិធី”។

សូមរំឭកថា លោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា។

លោក ឃុន ចាន់តូ អ្នកនាំពាក្យរណសិរ្សរំដោះជាតិខ្មែរ ដែលលោក ហ៊ុន សែន បានចាត់ទុកជាក្រុមភេរវកម្ម បានលើកឡើងថា បុរសក្នុងវីដេអូនេះបានក្លាយជាសមាជិករបស់ក្រុមនេះជាយូរមកហើយ។

លោកបានបន្តថា ”បុរសដែលបានចេញមុខនិយាយតាមយូធ្យូបមានឈ្មោះ សោម សុវណ្ណារ៉ា ប៉ុន្តែគាត់កំពុងរស់នៅឯបរទេស។ ពេលរណសិរ្សរំដោះជាតិខ្មែរបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១២ ខ្ញុំបានឃើញឈ្មោះរបស់គាត់ស្ថិតក្នុងបញ្ជីសមាជិកនៅពេលនោះ”៕ សុខុម

ប្រភពដើមៈ ខេមបូឌា ដេលី

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership