​អ្នក​មិន​គាំទ្រ​ថា​ថ្ងៃ​៧​មករា​ជា​ពេល​វៀតណាម​ឈ្លានពាន ខណៈ​អ្នកគាំទ្រ​ចាត់ទុក​វៀតណាម​ជា​អ្នកមានគុណ​​

​ក្រុម​អ្នក​មិន​គាំទ្រ​ថ្ងៃ​៧​មករា​ទាំង​ក្នុង និង​ក្រៅប្រទេសបាន​ហៅ​ថ្ងៃ​៧​មករា គឺជា​ថ្ងៃដែល​កងទ័ព​វៀតណាម​កុម្មុយនីស្តឈ្លានពាន​ទឹកដី​ខ្មែរ និង​ត្រួតត្រា​កម្ពុជា ខណៈ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​វៀតណាម​ថា​ជា​អ្នកមានគុណ​របស់​ពួកគេ​ ។​

សេចក្តីថ្លែងការណ៍​ដោយឡែក​ពី​គ្នា​នេះ គឺ​ចេញ​ដោយលោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិប្រចាំ​សហរដ្ឋអាមេរិក លោក គា រី និង​ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ស្រប​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​អបអរ​ទិវា​នេះ​យ៉ាង​អធិ​អធម​ ។​

​សេចក្តីថ្លែងការណ៍​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លើកឡើងថា ថ្ងៃ​៧​មករា ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ប្រមាណ​ម្ភៃ​កងពល ដែល​មាន​ពលទាហាន​ប្រមាណ​១២​០០០០នាក់ចូលមក​កម្ពុជា ហើយ​គណបក្ស​នេះ​ចាត់ទុកថា “​ជា​ទំព័រ​ដ៏​ខ្មៅ​ងងឹតជានិច្ច​នៃ​ប្រវត្តិសាស្ត្រ​របស់​មាតុភូមិ​កម្ពុជា​”​ ។ សេចក្តីថ្លែងការណ៍​នេះ​បន្តថា អំណាច​៧​មករា បានបន្ត​ និង​បម្រើ​មហិច្ចតា​វៀតណាម​ត្រួតត្រា​បានប​ន្ត​ជម្លោះ កាប់សម្លាប់​គ្នា រវាង​ខ្មែរ​ក្រហម​គ្នាឯង ដែល​មាន​ចិន​-​វៀតណាម និង​សហភាពសូវៀត​គាំទ្រ​ផង និង​ប្រឆាំង​កំចាត់​ចលនា​ខ្មែរ​ស្នេហា​ជាតិ​ផ្សេងៗ​ទៀត ដែល​ដឹកនាំ​ដោយ​សម្តេច​នរោត្តម​សីហនុ ។​

ដោយឡែក​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​លើក​ឡើង​ថា ក្រោយ​ពី​ការឈ្លានពាន​វៀតណាម​បាន​លួច​យក​សម្ភារៈ គ្រប់បែប​យ៉ាង​ទូទាំង​នគរ យក​ទៅ​ស្រុក​គេ ហើយ​ថា​វៀតណាម​បាន​បន្ត​ផែនការ​សម្លាប់​ប្រជារាស្ត្រ​ខ្មែរ​យ៉ាង​ព្រៃផ្សៃ​តាម​រូប​ភាព​ក​៥​ជាដើម ​។

​សេចក្តីថ្លែងការណ៍​នោះ​បន្តថា វៀតណាម​បាន​ឱកាស​លួច​បង្ខិត​ដែន​សីមា ប្រវ័ញ្ច​យក​កោះ​ខ្មែរ ព្រមទាំង​ជាន់ឈ្លី​លើ​សន្ធិសញ្ញា​ក្រុងប៉ារីស ហើយ​វៀតណាម​បាន​បញ្ជូន​ជនជាតិ​ខ្លួន​ចូល​មក​រស់នៅ​ក្នុង​ដី​កម្ពុជា​រាប់លាន​នាក់ មក​ដណ្តើម​ផលប្រយោជន៍​ប្រជាជន​ខ្មែរ ។​

ព្រម​គ្នា​នោះ សេចក្តីថ្លែងការណ៍​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មេដឹកនាំ​អង្គការ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ចាប់ខ្លួន​នោះ លើកឡើងថា លោក​ហ៊ុន សែន ធ្លាប់បាន​ធ្វើ​ជា​យោធា​ខ្មែរក្រហម ចូល​ព្រៃម៉ាគី​ជាមួយ​យៀកកុង​តាម​ការអំពាវនាវ​របស់សម្តេចឪ ជាពិសេស​គឺ​ជា​ការជ្រៀតជ្រែក​ក្នុង​តុលាការ​កាត់ទោស​ខ្មែរក្រហម​ដោយ​មិន​អនុញ្ញាតិឲ្យ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បន្តទៀត​ ។ ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​នេះចាត់ទុកថា ការដឹកនាំ​បច្ចុប្បន្ននេះ​ជា ​ប៉ុល ពត​ទី​២ ដែល​បម្រើ​នយោបាយ​កុ​ម្មុយ​នីស្ត​ឥណ្ឌូចិន បង្ហូរ​ជនជាតិ​វៀតណាម​ឈ្លានពាន​ពេញ​ប្រទេស​ខ្មែរ ​។​

សេចក្តីថ្លែងការណ៍​នេះ ជំរុញ​ឲ្យ​លោក ​ហ៊ុន សែន ក្លាហាន​ឡើង​តុលាការ​អន្តរជាតិ និង​បើកដៃ​ឲ្យ​អន្តរជាតិ​រក​យុត្តិធម៌​ឲ្យ​ប្រជាជន​ខ្មែរ វែកមុខ​ឃាតករ​ដែល​សម្លាប់​ខ្មែរ​អស់​រាប់​លាន​នាក់​កន្លងមក ​។​

ប៉ុន្តែ​មុនពេល​ប្រារព្ធ​ទិវា​៧​មករា​នេះ គឺ​ក្នុង​ពិធី​បើក​ការដ្ឋា​សាងសង់​អគា​ររដ្ឋបាលខេត្ត​ត្បូងឃ្មុំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ថ្ងៃ​៧មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ហើយ​លោក​ហៅ​អ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧មករា ថាអ្នក​នោះ​មាន​សម្ព័ន្ធភាព​នឹង​របប​ខ្មែរក្រហម ​។ លោក​មាន​ប្រសាសន៍​ថា «ស្អប់​ ប៉ុល​ ពត តែ​ប្រឆាំង​នឹង​អ្នក​ផ្តួល​រំលំ​ ប៉ុល ពត ។ អ៊ីចឹង​មាន​ន័យ​ថា​ម៉េច មាន​ន័យ​ថាជា​សម្ព័ន្ធភាព​នៃ​របប​ ប៉ុល ពត ។ អ៊ីចឹ​ង​សូម​បញ្ជាក់​ឡើង​វិញ ថ្ងៃ​៧មករា គឺ​ជា​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា ដែល​ស្អប់​ខ្ពើម​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត ផ្ទុយ​ទៅ​វិញ​ វា​ជា​សម្ព័ន្ធ​មិត្ត​របស់ប៉ុល​ពត ក្នុង​ពេលដែល​គេ​ប្រឆាំង​ នឹង​អ្នក​ផ្តួល​រំលំ​របបប៉ុល​ពត ហើយ​ថ្ងៃ​៧​មករា មិនមែន​ក្រៅ​ពី​របប​ប៉ុល​ពត​ មិន​មាន​យក​អ្នក​ណា​ធ្វើ​ជា​សត្រូវ​ទេ​» ។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​នយោបាយ​លោក​បណ្ឌិត សុខ ទូច លើកឡើងថា ថ្ងៃ​៧​មករា​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​វៀតណាម​ជួយ​រំដោះ​ខ្មែរ​ឲ្យ​ផុតពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុន្តែ​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​ពី​វៀតណាម​រំដោះ​ហើយ មិន​ព្រម​ដកទ័ព​ទៅ​ស្រុក​គេ​វិញ គឺជា​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ ៕
 សូមសរសេរកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
From:http://vodhotnews.com/26487

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership