បុរស​​​ដែលរៀប​​​​ផែនការ​ធ្វើ​​​រដ្ឋប្រហារនិយាយ​ថា ខ្លួនគ្រាន់តែ​ចង់ឱ្យ​ប្រជាពល​រដ្ឋក្រោក​​​ឈរ​​​​ឡើង​ប៉ុណ្ណោះ

ដោយ ឃី សុវុឌ្ឍី | ថ្ងៃសុក្រ ទី 22 ខែកក្កដា ឆ្នាំ2016 | READ IN ENGLISH

បុរសម្នាក់ដែលយោធាកំពុងសើុបអង្កេតចំពោះការប្រកាសធ្វើរដ្ឋប្រហារផ្តួលរំលំលោកហ៊ុន សែន ក្នុងពេលឆាប់ៗ នោះ បាននិយាយពីប្រទេសកាណាដាកាលពីម្សិលមិញថា លោកមិនមានគម្រោងសម្រាប់ចលនាប្រដាប់អាវុធទេ គ្រាន់តែចង់ជំរុញឲ្យប្រជាពលរដ្ឋ “ក្រោកឈរឡើងប្រឆាំងរបបផ្តាច់ការតែប៉ុណ្ណោះ”។

Sovanara (41)

នៅក្នុងវីដេអូឃ្លីបកាលពីថ្ងៃអាទិត្យលោក សោម សុវណ្ណារ៉ា សមាជិករណសិរ្សរំដោះជាតិខ្មែរជាក្រុមដែលលោក ហ៊ុនសែន ចាត់ទុកថា ជាអង្គការភេរវកម្មនោះបាននិយាយថា លោកជាផ្នែកនៃអង្គភាពនៅភូមិភាគនិរតីនៃប្រទេសកម្ពុជា ហើយស្នើឲ្យអ្នកដទៃទៀតត្រៀមខ្លួនសម្រាប់រដ្ឋប្រហារនៅពេលខាងមុខ។

និយាយតាមទូរស័ព្ទកាលពីម្សិលមិញ លោកបានលើកឡើងថា ការដាស់តឿនរបស់លោកចំពោះអង្គភាពដទៃទៀត និងក្រសួងរដ្ឋាភិបាលឲ្យត្រៀមខ្លួន “រំដោះប្រទេសជាតិចេញពីរបបផ្តាច់ការរបស់ លោក ហ៊ុន សែន” មិនមែនជាការអំពាវនាវឲ្យកាន់អាវុធទេ គឺគ្រាន់តែមានបំណងឲ្យក្រោកឈរតតាំងនឹងរដ្ឋាភិបាលប៉ុណ្ណោះ។

លោក សុវណ្ណារ៉ា បាននិយាយថា “ខ្ញុំគ្មានបំណងធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលទេ ហើយអ្វីដែលខ្ញុំបាននិយាយគឺគ្រាន់តែដាស់តឿនកូនខ្មែរទាំងអស់ឱ្យក្រោកឈរប្រឆាំងនឹងរបបផ្តាច់ការប៉ុណ្ណោះ”។

លោកបានបន្ថែមថា “ខ្ញុំបានធ្វើរឿងនេះដោយខ្លួនឯងក្នុងនាមជានិស្សិតម្នាក់និងជាកូនខ្មែរម្នាក់ ដែលស្រឡាញ់ប្រទេសជាតិ និងស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ពីព្រោះខ្ញុំមិនចង់ឲ្យប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកុម្មុយនីស្តឡើយ”។

លោក សុវណ្ណារ៉ា អាយុ៣៥ឆ្នាំបាននិយាយថា លោកជឿថា ប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ហើយនៅក្នុងទំព័រហ្វេសប៊ុកដែលបានបង្ហោះវីដេអូឃ្លីបដំបូងរបស់លោកនោះលោកបានចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងថា ជាភ្នាក់ងារក្រោមការជួលរបស់វៀតណាម។

លោកបានលើកឡើងថា លោក គឺជាទាហានដែលឈរជើងនៅប្រាសាទព្រះវិហារតាមព្រំដែនកម្ពុជាថៃចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ ប៉ុន្តែគ្រាន់តែធ្វើការជាវិស្វករនិងធ្វើការងារពាក់ព័ន្ធជំនាញកុំព្យូទ័រខ្លះៗប៉ុណ្ណោះ។ លោកបានលើកឡើងថា នៅក្នុងឆ្នាំ២០០៩ យោធាបានបញ្ជូនលោកឲ្យទៅសិក្សាក្នុងប្រទេសវៀតណាមរយៈពេល៦ខែ។

លោកបាននិយាយថា “មូលហេតុដែលខ្ញុំឈប់ធ្វើជាទាហាននៅក្នុងឆ្នាំ២០១១គឺដោយសារខ្ញុំសង្កេតឃើញថា នៅក្នុងជួរយោធាគឺសុទ្ធតែបក្ខពួកនិយម ហើយបម្រើឲ្យតែគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ហើយថា ឯកសារដែលមន្ត្រីជាន់ខ្ពស់ប្រើប្រាស់ដើម្បីទាក់ទងគ្នាគឺស្ថិតក្នុងប្រទេសវៀតណាម”។

លោក សុវណ្ណារ៉ា បានលើកឡើងទៀតថា លោកបានសិក្សាយកបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ដើមឆ្នាំនេះ បន្ទាប់ពីបានចូលរួមជាមួយក្រុមរណសិរ្សរំដោះជាតិខ្មែរក្នុងឆ្នាំ២០១២ ។ លោកបានផ្លាស់ទៅកាន់ប្រទេសកាណាដា ដើម្បីសិក្សាអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចដដែលនេះនៅដើមឆ្នាំនេះហើយអះអាងថា លោកទទួលបានអាហារូបករណ៍។

លោកបាននិយាយបន្ថែមទាក់ទិននឹងក្រុមរណសិរ្សរំដោះជាតិខ្មែរដែលមានមូលដ្ឋាននៅក្នុងប្រទេសដាណឺម៉ាកថា ” នៅថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៦នេះយើងនឹងបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្នុងប្រទេសដាណឺម៉ាក”។ ថ្ងៃទី២៣ ខែតុលា គឺជាថ្ងៃរំឭកខួបនៃការចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ ១៩៩១។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ដែលឈរជើងនៅខេត្តព្រះវិហារបានលើកឡើងថា លោកមិនដែលឮថា លោក សុវណ្ណារ៉ា ឈរជើងនៅទីនោះទេ។ លោកបានថ្លែងថា “គាត់មិនមែនជាមន្ត្រីរបស់យើងទេ”។

លោក មាស សំអុល ប្រធាននាយកដ្ឋានបុគ្គលិកនៅក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយថា តើលោក­សុវណ្ណារ៉ា ស្ថិតនៅក្នុងជួររដ្ឋាភិបាលមែន ឬមិនមែននោះ។ លោក អេង ហីុ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងត្រឹមតែថា អាជ្ញាធរកំពុងបន្តតាមស្វែងរកលោក សុវណ្ណារ៉ា៕ សារុន និង ស៊ុយឈាង

ប្រភពដើមៈ  ខេមបូឌា ដេលី

 

Share This Post

Recent Articles

Leave a Reply

You must be Logged in to post comment.

Powered by knlf · Designed by khmerleadership